(ភ្នំពេញ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ បាននាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសព ចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្តជាពន់ពេក និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២៖២៦នាទីរសៀល នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ក៏ដូចជាថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ហើយសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ មរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ក្រុមគ្រួសារ និងសាច់ញាតិនៃសព ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕