(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ ដើមី្បធ្វើការពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈចំនួន៤ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុម ប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៦ របស់រដ្ឋបាលសាលា ខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនេះបានអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ និងធ្វើការពិនិត្យ ពិភាក្សា និងការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤នៃការអនុវត្ត របស់រដ្ឋបាលខេត្តសៀមរាប។ សមាជិកនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងពីបញ្ហាការផ្តល់នូបប័ណ្ណសមធម៌ និងសូមឲ្យអាជ្ញាធរក្រុង ស្រុក ពិនិត្យមើលករណីលើការចាក់ដីនៅដីចំណីផ្លូវមិនបានដាក់លូ ព្រមទាំងបញ្ហាករណី កុមាររស់នៅជាមួយម្តាយក្នុងព័ន្ធនាគារ និងបញ្ហាព្រះសង្ឃនិមន្តបិណ្ឌបាត្រនៅក្នុងផ្សារ និងធ្វើការរៃអង្គៀសបច្ច័យជាដើម។

ឆ្លងតាមការអនុម័តនៃកិច្ចប្រជុំសាមញ្ញលើកទី៧ លោក លី សំរិទ្ធ ក៏បានធ្វើការក្រើនរំលឹកដល់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តទាំងអស់ ដែលជាតួអង្គនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គឺត្រូវគោរពឲ្យបាននូវរាល់ផែនការ ដែលបានលើកឡើងរបស់រដ្ឋាបាលខេត្ត។

លោក លី សំរិទ្ធ ក៏បានគូសបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដោយបានធ្វើការបន្ថែមនូវរៀបវារៈ ដើមី្បធ្វើការត្រួតពិនិត្យ ពិភាក្សា និងធ្វើការកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ បានយ៉ាងល្អិតល្អន់បំផុត។

លោកបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ព្រមទាំង បានលើកឡើងពីនីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ។

លោកក៏បានរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាទិសដៅរបស់រដ្ឋបាលខេត្តផងដែរ។

ជាមួយនេះដែរ លោក នាក់ ណេរ៉ុន ក៏បានធ្វើការឯកភាពទៅលើការកែតម្រូវ និងបន្ថែមនូវខ្លឹមសារ ទៅតាមឃ្លាប្រយោគ និងកែអក្ខរាវិរុទ្ធ តួលេខ នៅក្នុងរបាយការណ៍ឲ្យបានត្រឹមត្រូវ និងលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧នេះ ក៏មានធ្វើការប្រជុំសម្ងាត់ ក្នុងការពិនិត្យ ពិភាក្សា និងអនុម័តលើការវាយតម្លៃលក្ខណសម្បត្តិ គណៈអភិបាលស្រុក ដែលត្រូវចប់អាណត្តិទី១របស់ខ្លួនផងដែរ៕