(សៀមរាប)៖​ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ បានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើវិស័យធនធានមនុស្សជាគោលធំៗ ក្នុងនោះ គឺការអប់រំ និងបច្ចេកវិទ្យា ដែលសមស្របទៅនឹងគោលនយោបាយបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក យុន លីនណេ​ នៅក្នុងសិក្ខាសាលាស្តីពី «ម៉ាស៊ីនស្វ័យសិក្សា» ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ សហការជាមួយវិស័យឯកជន នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក្នុងក្រុងសៀមរាប ដោយមាការចូលរួមពីលោក រ៉ាត រតនៈ នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ​និងលោក លោកស្រី មកពីវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត ជាច្រើនចូលរួមផងដែរ។

លោក យុន លីនណេ បានបន្តថា សិក្ខាសាលានេះក៏ជាការចំណាប់អារម្មណ៍ពីសិស្ស និស្សិត និងសាធារណៈជនទាំងអស់ ឲ្យបានយល់អំពីសារៈសំខាន់នៃវិស័យបច្ចេកវិទ្យា ព្រោះវិស័យបច្ចេកវិទ្យា គឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់នៅថ្ងៃអនាគត់។ លោកបន្តថាសូម្បីតែវិស័យទេសចរណ៍ វិស័យកសិកម្ម​និងវិស័យឧស្សាហកម្ម ម្ហូបអាហារ និងវិស័យផ្សេងៗជាច្រើនទៀត គឺបច្ចេកវិទ្យាដើរតួយ៉ាង​​សំខាន់​នៅក្នុងការងារទាំងអស់នោះផងដែរ។

លោកបញ្ជាក់ថា នៅខេត្តសៀមរាប គឺផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ ហើយវិស័យនេះបានដើរតួយ៉ាងសំខាន់ក្នុការអភិវឌ្ឍខេត្តនេះ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងអំឡុងពេលជួបវិបត្តិកូវីដ បានធ្វើឲ្យវិស័យនេះធ្លាក់ចុះជាខ្លាំង ដែលធ្វើឲ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទាំងអស់ ងាកទៅប្រកបរបរផ្សេងៗវិញ។ ដូច្នេះហើយ សិក្ខាសាលានេះ ក៏ចង់ដាស់អារម្មណ៍សិស្ស និស្សិត និងសាធារណៈជនទាំងអស់ ឲ្យងាកមកចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាវិញ។

លោក រ៉ាត រតនៈ បានលើកឡើងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងតែជំរុញ និងលើកកម្ពស់ដល់សិស្ស និស្សិត នៅក្នុងវិទ្យាស្ថាន ចាំបាច់ត្រូវទទួលបាននូវក្បួនធំៗ ដែលទាក់ទងទៅនឹងជំនាញពិតប្រាកដ សុខភាព និងភាសាបរទេស។ ក្នុងនោះ មានភាសាចិន ភាសាអង់គ្លេស និងភាសាផ្សេងៗទៀត ដើម្បីប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នាផងដែរ។

លោកបានបន្តថា វិទ្យាស្ថានកំពុងតែលើកទឹកចិត្តដល់សិស្ស និស្សិតទាំងអស់ ធ្វើយ៉ាងណាឲ្យខ្លួនឯង ទទួលបានបច្ចេកវិទ្យាមួយពេញលេញ សម្រាប់ដើរទាន់បរិបទឧស្សាហកម្ម។ លោកបន្តថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ហើយតាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានធ្វើការជាមួយសិស្ស និស្សិតបានយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយនេះ លោកជឿជាក់ថា នៅតាមសាលាផ្សេងៗទាំងសាលាឯកជន ក៏កំពុងយកចិត្តទុកដាក់ទាំងអស់ នេះជាជំហ៊ានមួយដែលកម្ពុជាយើងកំពុងដើរទៅមុខ ហើយនៅថ្ងៃអនាគត់យុវជនកម្ពុជានឹងមានឱកាស នៅក្នុងការប្រកួតប្រជែងជាមួយយុវជនផ្សេងៗទៀត នៅជុំវិញពិភពលោកផងដែរ៕