(ពោធិ៍សាត់)៖ ក្នុងចំណោមមនុស្ស៣នាក់ឳពុកកូន និងមីង យ៉ាងហោចណាស់មានបុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបាឡែនមួយគ្រឿង បើកលឿនបានរ៉េចង្កូតបុករះ ចូលផ្ទះលក់ចាប់ហួយ ក្រោយការធ្វើពីនិត្យមើល ទើបដឹងថា អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ហើយមានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
ហេតុការណ៍ដ៏គួឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចក្បាលស្ពានថ្មពោធិ៍សាត់ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី អ្នកបើកបររថយន្តម៉ាក Camry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-8915 បើកបរដោយឈ្មោះ យាង ធារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ បានបើកបរក្នុងល្បឿនលឿន ណាមួយស្ថិតក្នុងស្ថានភាពស្រវឹងជោក ហើយមានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ពេលត្រឡប់មកពីផឹកស៊ីវិញ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតធ្លាក់ពីលើចញ្ចើមផ្លូវ ទៅបុករះចំបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខណៈទាំងបីនាក់នោះកំពុងអង្គុយលក់ចាប់ហួយ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង ៣នាក់នោះ មានឈ្មោះ៖
១៖ សំ អាង ភេទប្រុស អាយុ ២៩ឆ្នាំ ជាឳពុក សំអាង ទីអ៊ីង
២៖ សំអាង ទីអ៊ីង ភេទស្រី អាយុ ១ខួប ជាកូនស្រី សំ អាង
៣៖ លី បញ្ញា ភេទស្រី អាយុ ២៩ឆ្នាំ ជាមីង សំអាង ទីអ៊ីង, អ្នកទាំងបីរស់នៅភូមិសង្កាត់កើតហេតុខាងលើ។
ក្រោយពេលកើតហេតុ ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជាផ្ទាល់ ដើម្បីសម្រួល និងពន្លឿន ជុំវិញការជួយសង្គ្រោះបន្ទាន់ ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ នៅកន្លែងកើតហេតុផ្ទាល់ តែជាអកុសលអ្នកទាំង៣នាក់ បានស្លាប់បាត់បងជីវិតទៅហើយ នៅតែជនល្មើសដែលត្រូវទទួលទោសតាមផ្លូវច្បាប់៕