(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យសរសៃឈាមបេះដូង Fuwai នៃខេត្តយូណាន ប្រទេសចិន (Fuwai Cardiovascular Hospital of Yunnan Province) ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានជួយវះកាត់និងព្យាបាលជំងឺជូនដល់ កុមារកម្ពុជាចំនួន៤រូប ដែលមានជំងឺបេះដូងពីកំណើត។
លោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យមន្ទីរពេទ្យ Fuwai បានថ្លែងនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងរឹងមាំអស់រយៈពេលជាងកន្លះទសវត្ស រ៍រវាងមន្ទីរពេទ្យ Fuwai និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈលើបេសកកម្មសំខាន់ ចំនួន៤គឺ៖ ១-កិច្ចសហការលើការសិក្សាស្រាវជ្រាវនិងពង្រីកវិសាលភាពចែករំលែក ពីបច្ចេកទេសនិងបច្ចេកវិទ្យាលើវិស័យជំនាញវេជ្ជសាស្រ្ត នៃការព្យាបាលជំងឺបេះដូងពីកំណើត ២-បង្កើនបរិមាណនិងគុណភាព មូលធនមនុស្សឯកទេសបេះដូងជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ៣-រួមគ្នាចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវះកាត់និងព្យាបាលដោយឥតគិតថ្លៃ ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសចិន និង៤-ផ្តល់កិច្ចគាំទ្រលើគម្រោងនានារបស់សង្គមស៊ីវិលចិន នៅកម្ពុជាដោយផ្តោតលើការលើកម្ពស់សុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិតក៏បានរំលេចពីកិច្ចសហការតាំងពីឆ្នាំ២០១៨ រវាងអង្គការ YUNDI មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព ក្នុងការសម្របសម្រួលជូនដល់ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិនចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូង ជូនកុមារកម្ពុជាចំនួន៧៦,៥៦០នាក់ ដែលក្នុងនោះបានជួយវះកាត់និងព្យាបាល ជូនកុមារកម្ពុជាចំនួន១០៧រូប។
លោក រស់ សារ៉ែន រស់នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងនូវការដឹងគុណដល់មន្ទីរពេទ្យ Fuwai មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យកម្ពុជា-ចិន ដែលបានវះកាត់និងព្យាបាលកូនស្រីបង្កើត របស់លោកឈ្មោះ រស់ វិជ្ជរ៉ា ហើយលោកក៏បានថ្លែង នូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជានិច្ចកាល តែងបានចូលរួមសម្របសម្រួលជួយដល់ ក្រុមគ្រូពេទ្យកម្ពុជា-ចិនលើការពិនិត្យ ការព្យាបាល និងការអនុវត្តគម្រោងសុខភាពសាធារណៈនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា លើការយកចិត្តទុកដាក់ជាអាទិភាព ដល់សុខភាពរបស់កុមារកម្ពុជា។ បន្ថែពីលើនេះ ក្នុងនាមអាណាព្យាបាលនិងក្រុមគ្រួសារ របស់កុមារកម្ពុជាទាំង១០៧រូបបានជាសះស្បើយពីជំងឺបេះដូងពីកំណើត លោក រស់ សារ៉ែន ក៏បានថ្លែងអំណរគុណដល់ ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា មន្ទីរពេទ្យព្រះកេតុមាលា និងជាពិសេសវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងបានគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ ដល់បេសកកម្មការងាររបស់មន្ទីរពេទ្យ Fuwai នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨មក៕
វិទ្យុមិត្តភាពកម្ពុជាចិន