(យូអិន)៖ បន្ទាប់ត្រូវទទួលបានសំណើរពីក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃព្រហស្បតិ៍នេះ មហាសន្និបាទនៃអង្គការសហប្រជាជាតិ ដែលមានសមាជិក១៩៣រូប បានសម្រេចតែងតាំងលោក Antonion Guterres ជាអគ្គលេខាធិការទី៩ របស់អង្គការសហប្រជាជាតិ សម្រាប់រយៈពេលប្រាំឆ្នាំដោយគិតចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការចេញផ្សាយដោយ Reuters នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។
លោក Antonion Guterres វ័យ៦៧ឆ្នាំ នឹងឡើងកាន់តំណែងជាអគ្គលេខាធិការ UN បន្តពីលោក បាន គីមូន វ័យ៧២ឆ្នាំ ដែលជាជនជាតិកូរ៉េខាងត្បូង ដោយលោកអគ្គលេខាធិការបច្ចុប្បន្នរូបនេះ នឹងចុះពីតំណែងរបស់លោក នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញតួនាទីអស់រយៈពេលពីរអណត្តិកន្លងមក។
គួរបញ្ជាក់ដែរថា លោក Guterres បានធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសព័រទុយហ្គាល់ ចាប់ពីឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០០២ និងបានបំពេញតួនាទីជា ឧត្តមស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការជនភៀសខ្លួន ចាប់ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០១៥ ផងដែរ៕