(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យដើម្បីរៀបចំ ទីតាំងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ដែលពិធីនោះនឹងប្រារព្ធធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល២១ឆ្នាំ សម្រេចបានការប្រកាសតំបន់វិនិច្ឆ័យបាន ៩៤៦ភូមិ/៩៤៦ភូមិ លើ១០៩ឃុំ-សង្កាត់ ត្រូវជា១០ក្រុង-ស្រុក, ប្រមូលទិន្នន័យ និងវាស់វែងបាន៩១,៧៧៩៥ក្បាលដី លើចំនួនក្បាលដីដែលប៉ាន់ប្រមាណមានទូទាំងខេត្តកំពង់ចាម ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង៩៩ភាគរយ (ត្រូវបានបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤)។

អភិបាលខេត្តបានបន្ថែមថា ចំពោះបិទផ្សាយជាសាធារណៈចំនួន ៩១៧,៧៩៥ក្បាលដី លើចំនួនក្បាលដីដែលបានវាស់វែង និងវិនិច្ឆ័យ រួចទូទាំងខេត្តកំពង់ចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយស្មើនឹង ១០០ភាគរយ។

ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥,៤៩៨ក្បាលដី លើចំនួនក្បាលដីដែលបានបិទផ្សាយរួចទូទាំងខេត្តកំពងចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយ ត្រូវជា៩៨ភាគរយ និងបានបញ្ចប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅទូទាំងក្រុង-ស្រុកទាំង១០ របស់ខេត្តកំពង់ចាមជាស្ថាពរ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ៕