(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការអន្តរជាតិ គួរសហការគ្នាបង្កើតគោលនយោបាយ ក្នុងក្របខណ្ឌបញ្ញាសិប្បនិម្មិត AI ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត។
ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញបើកសន្និសីទស្ដីពី កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ECOSOCC) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន (CIIS)។
សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសាស្រ្តាចារ្យបណ្ឌិត Chhem Kieth Rethy រដ្ឋមន្រ្តីជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ECOSOCC), លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោកស្រី Chen Bo ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិចិន (CIIS) និងវាគ្មិនកិត្តិយស៨រូបអ្វីទៀត ដែលជជែកពិភាក្សាគ្នាលើប្រធានបទ «ការពង្រឹងអភិវឌ្ឍន៍ប្រកបដោយភាពធន់ និងបរិយាបន្ន» ក្រោមកិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI)។
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍ថា «តាមរយៈដៃគូសហការដ៏យូរអង្វែង លោកទទួលស្គាល់ថាយើងមានសមត្ថភាព ដើម្បីបង្កើតគោលនយោបាយក្នុងក្របខណ្ឌបញ្ញាសិប្បនិម្មិត AI យកមកអនុវត្តបាន ដែលមានភាពស្មើគ្នា ហើយយើងមាន AI មួយប្រកបដោយភាពធន់»។ លោកបានបន្តថា ជាការពិតអភិបាលកិច្ច AI ពិតជាសំខាន់ ដែលកំពុងធ្វើការវិវត្តន៍យ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវធានាថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ប្រកបដោយភាពទទួលខុសត្រូវ ដោយត្រូវចូលរួមសហការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការប្រើប្រាស់ តាមរយៈការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជាការអភិវឌ្ឍសីលធម៌ និងអភិបាលកិច្ចរបស់បញ្ញាសិប្បនិម្មិត AI ។
លើសពីនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កសាងទំនុកចិត្តលើការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត AI ដែលមានចន្លោះប្រហោងក្នុងការប្រើប្រាស់ ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ សម្រាប់កម្ពុជា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ យើងទទួលស្គាល់ពីបញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត AI ដែលត្រូវធ្វើការដោះស្រាយរួមគ្នា និងធ្វើការវិភាគឱ្យបានច្បាស់លាស់ទៅលើអនាគត ខណៈដែលបញ្ញាសិប្បនិម្មិត AI កំពុងមានការរីកចម្រើនខ្លាំង។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍ «ស្នើឱ្យស្ថាប័នរដ្ឋ សា្ថប័នឯកជន អង្គការអន្តរជាតិ ត្រូវសហការគ្នាដើម្បីបង្កើតគោលនយោបាយរួមមួយចំពោះបច្ចេកវិទ្យា»។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កម្ពុជានៅក្មេងខ្ចីណាស់ទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដ្បិតយើងកំពុងកសាងមូលដ្ឋានគ្រឹះ កម្មវិធី អភិបាលកិច្ច។ កម្ពុជា ក៏មាននវានុវត្តន៍មួយចំនួនទាក់ទងនឹងបច្ចេកវិទ្យាដូចជា កម្មវិធីឌីជីថល Technologies ជាដើមនៅក្នុងប្រទេស ប៉ុន្តែ AI យើងនៅមិនទាន់បានកសាងរចនាសម្ព័ន្ធច្បាស់នៅឡើយនោះទេ ដើម្បីធ្វើការគ្រប់គ្រង AI បាន។ បញ្ញាសិប្បនិម្មិត AI គឺមានគុណសម្បតិ្តច្រើនណាស់សម្រាប់សង្គមជាតិ ប្រសិនជាយើងអាចគ្រប់គ្រងវាបានល្អ ប៉ុន្តែបើយើងមិនអាចគ្រប់គ្រងវាបានល្អទេ AI អាចបង្កផលប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍសង្គមជាតិ ព្រោះព័ត៌មានក្លែងក្លាយនឹងមានកំណើនឡើងច្រើនជាងមុន»។
ជាមួយគ្នានេះ លោកបានថ្លែងថា កម្ពុជាមានកិត្តិយសជាពិសេសក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាដ៏សំខាន់នេះ។ ក្នុងនាមជាប្រទេសមួយដែលចាក់ឫសក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែទទួលយកអនាគតយ៉ាងរឹងមាំ យើងមើលឃើញ AI ជាឧបករណ៍មិនត្រឹមតែសម្រាប់ការច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការរួមបញ្ចូល និងនិរន្តរភាពផងដែរ។ ខណៈដែលកម្ពុជាបន្តគាំទ្រអភិបាលកិច្ច AI នៅក្នុងអាស៊ាន យើងបានរួមបញ្ចូលក្របខ័ណ្ឌក្រមសីលធម៌ទៅក្នុងគោលនយោបាយឌីជីថលរបស់យើង ដោយធានាថាបច្ចេកវិទ្យាដើរតួជាកម្លាំងសម្រាប់ការរួមបញ្ចូល និងសមធម៌ ដែលដឹកនាំដោយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយភាពជាអ្នកដឹកនាំរបស់យើងគូសបញ្ជាក់ពីរបៀបដែលប្រទេសអាស៊ានអាចប្រើប្រាស់ AI សម្រាប់ភាពធន់ និងភាពរុងរឿងក្នុងតំបន់។
បន្ថែមពីនេះ លោក វង្សី វិស្សុត បានបញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត បានទាក់ទាញការចាប់អារម្មណ៍ជាសកល ដោយសន្យាថានឹងមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៅទូទាំងឧស្សាហកម្ម និងសង្គម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងស្វែងយល់ពីឱកាសដ៏ធំសម្បើមដែលបង្ហាញដោយ AI យើងក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមរបស់វាផងដែរ ដូចជាក្រមសីលធម៌ សង្គម និងសេដ្ឋកិច្ច។
លោកបានបន្តថា បញ្ញាសិប្បនិម្មិតឈរនៅជួរមុខនៃការវិវត្តន៍បច្ចេកវិទ្យាសកល ដែលជាកម្លាំងដែលមានសមត្ថភាពផ្លាស់ប្តូរឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គម។ សម្រាប់ប្រទេសអាស៊ាន និងចិន, AI ផ្តល់ឱកាសដែលមិនអាចប្រៀបផ្ទឹមបានដើម្បីឆ្លងកាត់ឧបសគ្គអភិវឌ្ឍន៍ ដោះស្រាយបញ្ហាប្រឈមជាប់លាប់ និងនាំមកនូវអនាគតនៃភាពរុងរឿង បរិយាប័ន្ន និងនិរន្តរភាព ពីទំនើបកម្មកសិកម្មដើម្បីបង្កើនការថែទាំសុខភាព និងបដិវត្តន៍អភិបាលកិច្ច AI មិនត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមរបស់យើង។
បើតាមលោកឧបនាយករដ្ឋមន្ត្រី, Artificial intelligence (AI) មិនត្រឹមតែជាការច្នៃប្រឌិតឌីជីថលប៉ុណ្ណោះទេ វាគឺជាកម្លាំងអន្តរកម្មដែលភ្ជាប់វិទ្យាសាស្ត្រ អភិបាលកិច្ច សេដ្ឋកិច្ច និងវប្បធម៌។ ខណៈពេលដែលបច្ចេកវិទ្យាឌីជីថលមិនមានន័យដូចនឹង AI នោះទេ AI ពិតជាបច្ចេកវិទ្យាឌីជីថលដ៏សំខាន់មួយ ដែលមានលក្ខណៈសម្បត្តិដោយសមត្ថភាពរបស់វាក្នុងការរៀន សម្របខ្លួន និងធ្វើការសម្រេចចិត្ត។ ភាពខុសគ្នានេះមានសារសំខាន់នៅពេលដែលយើងបង្កើតគោលនយោបាយ និងក្របខ័ណ្ឌរបស់យើងដើម្បីគ្រប់គ្រង AI ប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលប្រើប្រាស់សក្តានុពលរបស់វាដើម្បីជំរុញការច្នៃប្រឌិតនៅទូទាំងវិស័យជាច្រើន។
លោក បានបន្តថា AI មិនត្រឹមតែនិយាយអំពីប្រសិទ្ធភាព និងផលិតភាពប៉ុណ្ណោះទេ វាក៏និយាយអំពីការកសាងភាពធន់នៅក្នុងយុគសម័យនៃភាពមិនច្បាស់លាស់ផងដែរ។ តាមរយៈការប្រើប្រាស់ AI យើងអាចព្យាករណ៍ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមអាកាសធាតុបានកាន់តែប្រសើរ បង្កើនការត្រៀមរៀបចំគ្រោះមហន្តរាយ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលដែលយើងសហការជាមួយប្រទេសចិន កម្ពុជាមើលឃើញអនាគតដែល AI ដើរតួជាឧបករណ៍ដើម្បីការពារបរិស្ថានរបស់យើង និងធានាបាននូវភាពរុងរឿងរយៈពេលវែង។
ជាថ្មីម្ដងទៀត ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានរំលេចបន្ថែមថា «AI មិនត្រឹមតែជាឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ វាគឺជាសក្ខីភាពមួយចំពោះភាពប៉ិនប្រសប់របស់មនុស្ស និងសមត្ថភាពរបស់យើងក្នុងការបង្កើតអនាគត។ រួមគ្នា សូមឱ្យយើងធានាថា AI លើកកម្ពស់សង្គម ពង្រឹងសេដ្ឋកិច្ច និងជំរុញការយល់ដឹងគ្នាទៅវិញទៅមក។ អនាគតនៃ AI មិនត្រឹមតែស្ថិតនៅក្នុងក្បួនដោះស្រាយដែលយើងរចនាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងតម្លៃ និងចក្ខុវិស័យដែលយើងបង្កប់នៅក្នុងពួកវា។ រួមគ្នា សូមឱ្យយើងបង្កើតអនាគតដែលដំណើរការដោយ AI ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់យើង៖ អនាគតនៃភាពយុត្តិធម៌ ភាពធន់ និងភាពរុងរឿង»៕