Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាធារណជនរួមគ្នាសំអាតបរិស្ថានតាមដងផ្លូវគាំទ្រយុទ្ធនាការស្អាតរបស់ក្រសួងបរិស្ថាន ដោយបានសំអាតលើទីតាំងឃុំ-សង្កាត់ចំនួន៨៩ឃុំ-សង្កាត់ នៅលើផ្លូវជាតិប្រវែង ៣៣៧គីឡូម៉ែត្រ

09-12-2024 14:13

(ភ្នំពេញ)៖ សកម្មភាពឈានឆ្ពោះទៅកម្ពុជាស្អាត តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញកន្លងមក បានទទួលបានការគាំទ្រ និងការចូលរួមធ្វើសកម្មភាពរើសសំរាម និងសំអាតបរិស្ថានតាមផ្លូវជាតិ។

ជាក់ស្តែង ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការសហការពីវិស័យឯកជន យុវជន សមាគម និងអង្គការស្គមស៊ីវិល សរុបចំនួន ១៥,៥៦២នាក់ បានអនុវត្តសកម្មភាពសម្អាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានសំអាតលើទីតាំងនៅតាមឃុំ-សង្កាត់ចំនួន ៨៩ឃុំ-សង្កាត់ ស្មើនឹង ៧៤,៩% នៃចំនួន ឃុំ-សង្កាត់ សរុប១១៩ នៅលើផ្លូវជាតិប្រវែង ៣៣៧គីឡូម៉ែត្រ ស្មើនឹង៥២,៧% នៃប្រវែងផ្លូវសរុប ៦៣៨,៦៥គីឡូម៉ែត្រ។ យុទ្ធនាការកន្លងមកនេះបានប្រមូលសំរាម សំណល់ប្លាស្ទិកសរុប ចំនួន ៥៦,៥១៣គីឡូក្រាម និងបានបំបាត់គំនរសំរាមទុកដាក់ពាសវាលពាសកាល បានចំនួន ២៨៩ទីតាំង។

សូមបញ្ជាក់ថាក្រសួងបរិស្ថាន បាននឹងកំពុងធ្វើសកម្មសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» ដើម្បីឱ្យដងផ្លូវជាតិគោលដៅ នៃបណ្តាក្រុង ស្រុក ខណ្ឌ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ឱ្យមានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ តាមរយៈការសម្រេចឱ្យបាននូវគោលដៅក្នុងការប្រែក្លាយសកម្មភាព ឬយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ទៅជាចលនាថែរក្សាភាពស្អាតនៅកម្ពុជា។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន រួមមាន៖ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងអង្គការ សមាគមនសង្គមស៊ីវិលនៅទូទាំងប្រទេស ហើយសកម្មភាពបន្តគឺការរួមគ្នា ជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិ សម្រាប់ ឆ្នាំ២០២៥»