(ពោធិ៍សាត់)៖ អង្គការ Hello Trust សហការជាមួយកម្លាំងប៉ុស្តិ៍តាលោ បានចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៨គ្រាប់ ដែលនៅសេសសល់តាំងពីសម័យសង្គ្រាម នៅលើដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ទូច ហ៊ាវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៨៖០០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចដីក្រុមហ៊ុន ទូច ហ៊ាវ ស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងប៉ុស្តិ៍របស់លោក និងបុគ្គលិកអង្គការ Hello Trust បានប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម បានចំនួន ១៨គ្រាប់ រួមមាន៖ គ្រាប់ធុន PG7 ចំនួន ១៧គ្រាប់ និងគ្រាប់ធុន DK-82 ចំនួន ០១គ្រាប់។
លោកអធិការបានបន្តថា ក្រោយពេលប្រមូលបានហើយនោះ យើងបានកម្ទេចចោលនៅទីនោះតែម្តង ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ(Hello Trust) ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕