Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន (CIIS) សហការគ្នារៀបចំសន្និសីទស្ដីពី កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) នៅទីស្ដីការគណៈរដ្ឋមន្ត្រី

09-12-2024 13:30

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ECOSOCC) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន (CIIS) បានសហការគ្នារៀបចំសន្និសីទស្ដីពី កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

សន្និសីទ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយនឹងឥស្សរជនសំខាន់ៗដូចជា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកជំទាវ Chen Bo ប្រធាន CIIS រួមទាំងវាគ្មិនកិត្តិយសចំនួន៨រូបផ្សេងទៀត។

សូមជម្រាបថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងធ្វើការផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាប្រឈម កាលានុវត្តភាព នៃបច្ចេកវិទ្យា AI ក្នុងបរិបទនៃប្រទេសនីមួយនៅក្នុងតំបន់។ សន្និសីទនេះ បានប្រមូលផ្តុំអ្នកជំនាញ អ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធដើម្បីចែករំលែកទស្សនៈ និងមាគ៌ាសម្រាប់ការជំរុញការអភិវឌ្ឍ AI ប្រកបដោយចីរភាព។

សិក្ខាសាលានេះបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដូចតទៅ៖

ទី១៖ ពិភាក្សាលើគំនិតក្នុងការកសាងគោលនយោបាយអភិបាលកិច្ច AI

ទី២៖ ពិភាក្សាអំពីការលើកកម្ពស់ការកសាងសមត្ថភាពក្នុងតំបន់តាមរយៈការអភិវឌ្ឍទេពកោសល្យ និងការផ្ទេរបច្ចេកវិទ្យា
ទី៣៖ ពិនិត្យ និងពិភាក្សាអំពីបញ្ហាគម្លាតបច្ចេកវិទ្យា
ទី៤៖ ផ្លាស់ប្តូរមតិយោបល់អំពីការបញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិមិ្មត ទៅក្នុងវិស័យមួយចំនួនដូចជា សុខាភិបាល អប់រំ និងកសិកម្ម
ទី៥៖ ពិភាក្សាអំពីឯកជនភាព និងសុវត្ថិភាពទិន្នន័យ សម្រាប់ការប្រើប្រាស់ អភិបាលកិច្ច និងការអភិវឌ្ឍ AI ៕