(ភ្នំពេញ)៖ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ហៅកាត់ អ.ស.ហ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ASSOCIATION OF CIIARTERED CERTIFIED ACCOUNTANTS (ACCA) ដើម្បីកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការគ្នាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការអាជ្ញាធរជាតិសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Renjith Varma នាយក ACCA ប្រចាំតំបន់អាស៉ីអាគ្នេយ៍។
ACCA គឺជាស្ថាប័នវិជ្ជាជីវៈអន្តរជាតិធំមួយ ដែលទទួលបន្ទុកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខវិជ្ជានានាពាក់ព័ន្ធនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយវិញ្ញាបនបត្រដែលចេញដោយ ACCA ត្រូវបានទទួលស្គាល់ពីប្រទេសជាង១៨៣ រួមទាំងកម្ពុជាផងដែរ។
ACCA ក៏បានប្រមូលផ្តុំនូវមូលធនមនុស្សក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មយ៉ាងច្រើន ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរតាមបណ្តាប្រទេសនានា ក៏ដូចជាស្ថាប័នអន្តរជាតិធំៗជាច្រើន ដែលអាចមានលទ្ធភាពគាំទ្រ តាមរយៈការផ្តល់នូវជំនួយបច្ចេកទេស ដល់អង្គភាពនិងនិយ័តករក្រោម ឱវាទ អ.ស.ហ. ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារនិយាយជារួម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ និយាយដោយឡែក។
ថ្លែងក្នុងឱកាសនោះ លោក ម៉ី វ៉ាន់ បានគូសបញ្ជាក់ថា ឆ្លើយតបនឹងវិធានការគោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល, ការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃនេះ នឹងរួមចំណែកដល់ «ការអភិវឌ្ឍ សមត្ថភាព និងស្ថាប័ន» តាមរយៈការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការគ្នា ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាប្រព័ន្ធអេកូឡូស៊ីតួអង្គ ដែលជាក្របខណ្ឌយុទ្ធសាស្ត្រថ្មីមួយទៀតរបស់ អ.ស.ហ.។
ដើម្បីឲ្យការអនុវត្តអនុស្សរណៈនៃការយោគយល់នេះទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លោក ម៉ី វ៉ាន់ បានស្នើឲ្យមន្ដ្រីគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការអភិវឌ្ឍសមត្ថភាព ចំណេះដឹង គុណវុឌ្ឍ ជំនាញ និងទេពកោសល្យឲ្យបានរឹងមាំ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយរៀបចំឲ្យមានកម្មវិធីសិក្សា និងអភិវឌ្ឍចំណេះដឹង ផែនការបណ្តុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ។
លើសពីនេះ សហការរៀបចំគម្រោង ឬផែនការស្រាវជ្រាវរួមគ្នាលើប្រធានបទពាក់ព័ន្ធផ្សេងៗ ដើម្បីការអភិវឌ្ឍ និងនវានុវត្តន៍ការងារ ជាគុណប្រយោជន៍ទៅវិញទៅមកដល់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. និង អេស៊ីស៊ីអេ។ សហការផ្លាស់ប្តូរព័ត៌មាន ដែលមានអត្ថប្រយោជន៍ និងអាចចែករំលែកបាន ប៉ុន្តែមិនមានវេទយិតភាពក្នុងន័យវិជា្ជជីវៈ រវាងនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. និងអេស៊ីស៊ីអេ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទពិសោធ, ឧត្តមានុវត្តន៍ និងទិសដៅ នៃការអភិវឌ្ឍការងាររបស់ខ្លួន។
លោក ម៉ី វ៉ាន់ បានស្នើឲ្យសហការពិនិត្យមើលបន្ថែមអំពីការងារផ្សេងទៀត ដែលមានសក្កានុពលសម្រាប់ជាកម្មវត្ថុ នៃការធ្វើកិច្ចសហប្រតិបត្តិការ ជាគុណប្រយោជន៍ដល់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. និងអេស៊ីស៊ីអេ ក្នុងស្មារតីបម្រើឲ្យចក្ខុវិស័យ បេសកកម្ម គោលបំណង និងគោលដៅនៃស្ថាប័ន និងអង្គភាពនីមួយៗ។ អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ក្នុងនាមមជ្ឈមណ្ឌលអភិវឌ្ឍ និងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជាអ្នកសម្របសម្រួលជូននិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. និងអេស៊ីស៊ីអេ ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ៕