(ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានឃើញនូវទិដ្ឋភាពចម្រុះ នៃសង្គម និងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទ ហើយកាន់តែចាប់ អារម្មណ៍លើប្រទេសជប៉ុន។ លោកក៏សង្ឃឹមថា សម្រាប់ប្រជាជនដែលមិនធ្លាប់ឃើញទិដ្ឋភាពនានារបស់ប្រទេសជប៉ុន នឹងរកឃើញភាពទាក់ទាញនៃប្រទេសមួយនេះតាមរយៈមហោស្រពភាពយន្តជប៉ុន។

លោកឯកអគ្គរាជទូត បានលើកឡើងនៅក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ។ កម្មវិធីនេះក៏មានការចូលពី លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងលោក អ៉ីសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានថ្លែងថា មហោស្រពភាពយន្តជប៉ុន ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៥ ឆ្នាំនេះត្រូវបានប្រារព្ធឡើងរួចហើយនៅខេត្តបាត់ដំបង កំពត និងសៀមរាប ហើយឥឡូវនេះកំពុងចាប់ផ្តើមនៅទីនេះ នៅរាជធានីភ្នំពេញ។

លើសពីនេះ លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងនឹងចាក់បញ្ចាំងភាពយន្តមានចំណងជើងថា "Godzilla Minus One”។ ភាពយន្តនេះ បានឈ្នះពានរង្វាន់ Academy Award for Best Visual Effects និងជាភាពយន្តអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់នេះ។ សព្វថ្ងៃនេះ ជាមួយនឹងសេវាកម្មស្ទ្រីមវីដេអូ (ការចាក់ផ្សាយដោយប្រព័ន្ធអ៉ីនធឺណេត) យើងអាចទស្សនាភាពយន្តបានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង ប៉ុន្តែខ្ញុំគិតថា ការទស្សនាភាពយន្តនៅលើអេក្រង់ធំក្នុងរោងភាពយន្ត អាចឱ្យយើងមានអារម្មណ៍កាន់តែជក់ចិត្តនឹងពិភពលោកដែលបង្កើតឡើងដោយអ្នកផលិតភាពយន្ត។ តាមគំនិតខ្ញុំ វាជាផ្នែកដ៏រំភើបបំផុតមួយក្នុងការទស្សនាភាពយន្ត។ ខ្ញុំសង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះនឹងរីករាយជាមួយភាពយន្តនេះ»

ឆ្លៀតក្នុងឱកាសនោះ លោកបានជូនពរឱ្យទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា កាន់តែរីកចម្រើន និងថ្លែងអំណរគុណចំពោះអ្នកផ្តួចផ្តើមកម្មវិធី អ្នកឧបត្ថម្ភ ស្ថាប័នចូលរួមសហការ និងបុគ្គលដែលបានខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមហោស្រពភាពយន្តនេះប្រព្រឹត្តទៅបានដោយរលូន។

សូមជម្រាបថា មហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៤ ធ្វើឡើងចំនួន៣សប្តាហ៍ ជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕