(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍បានអនុញ្ញាតជូនលោក លី ថាវ (LI Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. ជួបពិភាក្សាការងារ ព្រមទាំងធ្វើបទបង្ហាញលើកម្មវិធីព័ត៌មានវិទ្យាគ្រប់គ្រងទេសចរណ៍ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ បូកបញ្ចូលគ្នារវាងបញ្ញាសិប្បនិមិត្ត (AI) ទិន្នន័យដ៏ច្រើន (Big Data) និងរូបភាពថតពីផ្កាយរណប ហៅថា Tourism One-Map ដែលមានមុខងារជាច្រើន ដូចជារូបភាព ព័ត៌មានពីគោលដៅទេសចរណ៍ និងការបង្ហាញទីតាំងសាធារណៈជាចំណតរថយន្ត បន្ទប់ទឹកសាធារណៈ សណ្ឋាគារ ព្រមទាំងរំហូរទេសចរ ការគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព (អាចផ្តល់ពីច្រករំដោះចេញពេលមានឧបទ្ទវហេតុ ឬការកកកុញមនុស្សច្រើន) ចំនួនបន្ទប់សណ្ឋាគារដែលនៅសល់ ការប្រមូលទិន្នន័យពីទេសចរមកតំបន់ផ្សេងៗ ទំហំចំណាយរបស់ទេសចរម្នាក់ៗ។ល។

កម្មវិធីនេះ និងកម្មវិធីសម្រាប់ការគ្រប់គ្រងទិន្នន័យ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់ដែលជាក្រុមហ៊ុនធំ និងចំណាត់ថ្នាក់ទី១ នៅក្នុងខេត្តហីឡុងជាំង (Heilongjiang)​ ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋបាលខេត្តធំៗ មួយចំនួនក្នុងប្រទេសចិន ក្រុមហ៊ុនឯកជនទាំងអស់ជារបស់រដ្ឋ ឬរដ្ឋនិងឯកជនធំៗ និងសកលវិទ្យាល័យល្បីៗក្នុងប្រទេសចិន។

តាមរយៈបទបង្ហាញនេះ លោករដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកម្មវិធីនេះ សម្រាប់ប្រើប្រាស់សិក្សាលើថ្លៃដើម និងថ្លៃប្រតិបតិ្តការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ផែនការអាជីវកម្ម រួមទាំងការតាក់តែងផែនការ និងគោលនយោបាយទេសចរណ៍ដែលជាទេសចរណ៍មានលក្ខណៈវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ធុរកិច្ច ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត៕