(កំពង់ស្ពឺ)៖ លោក រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសបញ្ជូលសមាជិកបន្ថែមថ្មីគណបក្សប្រជាជនកម្ពុជាចំនួន១៧៩រូប របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងគង។
ក្នុងពិធីនោះ លោក រិន វីរៈ បានគូសបញ្ជាក់ថា យើងមិនអាចបំភ្លេចគុណ៧ មករា ១៩៧៩ បានទេ ព្រោះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលធ្វើឱ្យយើងបានរស់រានមានជិវិតរហូតមកដល់សព្វថ្ងៃនេះ ហើយយើងទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សបានបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា «យេីងជាសមាជិកបក្ស ម្នាក់ ត្រូវធ្វេីជាឃោសនិកម្នាក់ ជាប្រតិកម្មរហ័សម្នាក់ ជាសកម្មជនម្នាក់ ហេីយត្រូវមានឆន្ទ:ការពារគណបក្ស ចូលរួមគ្រប់សកម្មភាពរបស់គណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។ ក្នុងន័យនេះ សមាជិកបក្សទាំងចាស់ទាំងថ្មី មានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់នានារបស់រដ្ឋាភិបាលដោយត្រូវថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងជំនាញវិជ្ជាជីវ: ទាំងគុណធម៌ និងសីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។
មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកល របស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា និងបង្កចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស។
កម្មវិធីបន្ទាប់ លោក និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យផ្លូវ បេតុងមានប្រវែង ១០៨២ម៉ែត្រដែលបាននិងកំពុងសាងសង់នៅភូមិអូក្រាំងអបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕