(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាល។
ប្រតិភូដែលអញ្ជើញក្នុងជំនួបនាព្រឹកនេះ ជាប្រតិភូដែលអញ្ជើញចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនាព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអនុញ្ញាតឲ្យប្រធានប្រតិភូ ដែលជាតំណាងសមាគមអ្នកនិពន្ធ នៃប្រទេសនីមួយៗដែលចូលរួមមានឱកាសលើកឡើងជាមតិយោបល់ជូនអង្គប្រជុំ។
តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព នេះជាឱកាសដែលប្រតិភូអាចចែករំលែក បទពិសោធគ្នា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពីភាពដូចគ្នា ភាពប្រហាក់ប្រហែលគ្នា និងភាពខុសគ្នា នៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។
លោកក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍បន្ថែមជូនដល់ប្រតិភូបន្តឲ្យពង្រឹង និងពង្រីក កិច្ចសហការគ្នា ចែករំលែកគ្នា និងគាំទ្រគ្នាប្រកបដោយភារតភាព ក្នុងភាពជាមិត្តដ៏ស្និតស្នាល។
«សកម្មភាពដែលយើងទាំងអស់គ្នា កំពុងធ្វើនាពេលនេះ ជាការជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយ ឲ្យកាន់តែចាប់អារម្មណ៍ និងបន្តលើកកម្ពស់វិស័យតែងនិពន្ធ ដែលវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ ហើយរួមគ្នាបង្កើតស្នាដៃនានា សម្រាប់ការបណ្តុះបណ្តាល និងបញ្ជ្រាបផ្នត់គំនិតល្អៗ ក្នុងសង្គម»។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែម។
សូមរំលឹកថា សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦ ដោយមានព្រះបាទ សម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយស។ ជាបន្តបន្ទាប់ សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបន្តយកចិត្តទុកដាក់ និងទំនុកបំរុងដ៏ឧត្តុង្គឧត្តម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិសម្រេចឲ្យមានការប្រារព្ធ «ទិវាជាតិអ្នកនិពន្ធ» នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ៕