(ភ្នំពេញ)៖ ក្រុមគ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការចុះជួយគាំទ្រនៅនឹងកន្លែងក្នុងការអនុវត្តស្តង់ដាសាលា រៀនគំរូដល់នាយក នាយិកា នាយករង នាយិការង បណ្ណារក្ស បរិវិច្ឆការី បុគ្គលិករដ្ឋបាល លេខា គណនេយ្យ និងគ្រូបង្រៀនទាំងអស់ នៃវិទ្យាល័យស្រេងគីម ខេត្តកំពង់ចាម វិទ្យាល័យហ៊ុនសែនក្រវ៉ា ខេត្ត កំពង់ធំ និងវិទ្យាល័យអង្គស្វាយពុំសែន វិទ្យាល័យ ហ៊ុន សែន អង្គស្តុក វិទ្យាល័យវត្តអង្គរជ័យ វិទ្យា ល័យចំណេះទូទៅ និងបច្ចេកទេសព្រះនរោត្តមសីហមុនី និងវិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យខេត្តកំពត។

កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមវិទ្យាល័យទាំងអស់ខាងលើ ដោយប្រើប្រាស់ថវិការបស់អង្គភាពថវិកាវិទ្យាស្ថានជាតិអប់រំ ឆ្នាំ២០២៤។

គួរឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ឱកាស​ចូលរួមទិវាគ្រូបង្រៀន បានប្រកាសដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ «ស្តង់ដាសាលារៀនគំរូ» សម្រាប់​សាលា​រៀន​ដែល​សម្រេច​ស្តង់ដាសាលារៀន​គំរូ ចាប់ពីឆ្នាំ​សិក្សា​២០២៣-២០២៤។

បើតាម​ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការដាក់​ឱ្យ​ប្រើប្រាស់​ស្តង់ដាសាលារៀនគំរូ គឺដើម្បីឱ្យ៖ ១). សាលារៀនមានគណនេយ្យភាពជាមួយ​សហគមន៍ និង​សម្រេច​បាន​ស្តង់ដាសាលារៀនគំរូ ២). សាលារៀនមានស្វ័យភាពកែលម្អសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន, ៣). សិស្សមានសមត្ថភាព និង​ធ្វើតេស្តស្តង់ដាប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ៤). គ្រូបង្រៀន​អាចប្រើប្រាស់លទ្ធផលតេស្តដើម្បីកែលម្អការបង្រៀន និងការអភិវឌ្ឍគុណវុឌ្ឍិជា ប្រចាំ ហើយ​ថែមទាំងអាចជួយសិស្សរៀនយឺត និង​ផ្តល់ព័ត៌មានត្រឡប់ទៅមាតាបិតា អ្នកអាណា ព្យាបាល និង​សហគមន៍វិញបានទាន់ពេលវេលា ៥). បង្កើន​សកម្មភាពក្រៅម៉ោងសិក្សាដើម្បីអប់រំគុណធម៌ សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្ស ៦). មានការយកចិត្តទុកដាក់​លើគុណភាពសិក្សា និង​អាហារូបត្ថម្ភរបស់សិស្សានុសិស្ស និង ៧). មានការចូលរួមពីអ្នកអាណាព្យាបាល មាតាបិតា និងសហគមន៍ក្នុងការគាំទ្រ និង​អភិវឌ្ឍសាលារៀន ឱ្យ​មានប្រសិទ្ធភាព។

យ៉ាងណាមិញ ស្តង់ដាសាលារៀនគំរូ ជាខ្នាតគំរូមួយសម្រាប់កំណត់វិសាលភាព និងវាស់វែងការអនុវត្តរបស់សាលារៀន ក្នុងការធានាបាននូវប្រសិទ្ធភាពនិងគុណភាពអប់រំ ដែលសមស្របតាមស្ថានភាពនិងបរិបទប្រទេសកម្ពុជា។ សាលារៀនគំរូ មាន៥ស្តង់ដា រួមមាន៖ ១)លទ្ធផលសិក្សារបស់សិស្ស ២)ការបង្រៀននិងរៀន ៣)ការចូលរួមរបស់សហគមន៍ ៤)ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង៥)គណនេយ្យភាពរបស់សាលារៀន។

ក្នុងនោះក៏បានបញ្ជ្រាបវិធានគន្លឹះចំនួន៤ ដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលរួមមាន៖ (ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន, (ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, (ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង (ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ សម្រាប់ឆ្នាំ២០២៤នេះ សាលារៀនចំនួន៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៣០ សាលាបឋមសិក្សា១៧២ និងសាលាមធ្យមសិក្សា១៤៥៕