(រីយ៉ាដ, រ៉ាប៊ីសាអូឌីត)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាពហើយ។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ វេលាម៉ោង១២៖២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវនឹងម៉ោង១៦៖២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ដំណើរអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។
ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប។
សូមបញ្ជាក់ថា សប្តាហ៍នេះ ពោលចាប់ពីព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ រហូតដល់ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួន៤ រួមមានទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុងអាបូដាប៊ី)។
អញ្ជើញចេញពីភ្នំពេញ សម្តេចតេជោ និងគណៈប្រតិភូហោះឆ្ពោះទៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយចំណាយពេលជាង៨ម៉ោង, រសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ហោះពីក្រុងរីយ៉ាដ ឆ្ពោះទៅក្រុងដូហា ប្រទេសកាតា ដោយចំណាយពេលហោះជាង១ម៉ោង, ព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ហោះចេញពីទីក្រុងដូហា ឆ្ពោះទៅទីក្រុងអង់ការ៉ា ប្រទេសតួគីយ៉េ ដោយចំណាយពេលហោះចំនួន៥ម៉ោង, ថ្ងៃសុក្រ ទី១៣ ខែធ្នូ ហោះចេញពីអង់ការ៉ា ប្រទេសតួគីយ៉េ ឆ្ពោះទៅទីក្រុងអាបូដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ចំណាយពេលហោះជាង៤ម៉ោង។
លុះព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ហោះពីអាបូដាប៊ី ឆ្ពោះមកភ្នំពេញវិញ អញ្ជើញដល់ភ្នំពេញពេលព្រលប់ថ្ងៃដដែល។ ហោះរង្វង់៦ ទៅ៧ម៉ោង។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ និងគណៈប្រតិភូចំណាយពេលលើយន្តហោះសរុបចូល២៥ ទៅ២៦ម៉ោង។
សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។
បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា។
នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយេ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្រ របស់តួកគីយេផងដែរ។
នៅអេមីរ៉ាតអារ៉ាប់រួម សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក សាឃើរ ហ្គោបាហ្ស ប្រធានសភានៃអេមីរ៉ាតអារ៉ាប់រួម និងថ្វាយសវនាការសម្តែងការគួរសមជាមួយព្រះអង្គម្ចាស់ សេក្ខ មហាម៉េដ ពិន ហ្សេយឺត អាល ណាហ៊ីយ៉ាន ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។
ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕