(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី នាល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានផ្ដួចផ្ដើម និងដឹកនាំប្រារព្ធពិធីបុណ្យមហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងដែលប្រារព្ធធ្វើឡើងនៅភូមិគ្រឹះសម្ដេចក្រឡាហោម ស ខេង ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បុណ្យនេះមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក សុខ លូ អភិបាល ខេត្តបាត់ដំបង និងលោកស្រីលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព និងសប្បុ
រសជននានា។

សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបងបាននិងកំពុងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅជាបន្តបន្ទាប់ ដោយក្នុងនោះរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការជំរុញរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់សំដៅលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាពសាធារណៈដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនឡើង។ជាមួយគ្នានេះរដ្ឋបាលខេត្តបានដាក់ចេញផែនការអភិវឌ្ឍន៍ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានភ្នំសំពៅក្លាយទៅជាគោលដៅទេសចរណ៍ដ៏ប្រណីតមួយសម្រាប់ខេត្តបាត់ដំបងផងដែរ៕