(សៀមរាប)៖ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានបន្តសកម្មភាពចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញដែលដឹកនាំដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីជំនាញ បានពិនិត្យកិច្ចការងារអភិវឌ្ឍន៍នៅតំបន់រុនតាឯកតេជោសែន។ ចំណែកនៅពេលរសៀល ក្រុមអ្នកជំនាញបន្តចុះពិនិត្យការដ្ឋានមួយចំនួនតាមដងស្ទឹងសៀមរាប។
សូមជម្រាបថា នៅមុនកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុកឈានចូលមកដល់ ក្រុមអ្នកជំនាញការអាដហុក តែងបានអញ្ជើញចុះពិនិត្យនៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ។ ខណៈកិច្ចប្រជុំ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១៕