(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះកូនៗនៅអង្គការមូលនិធិកុមារកម្ពុជា ឱ្យមានឱកាសបន្តការសិក្សាកម្រិតថ្នាក់ឧត្តមសិក្សា, ក្រុមការងារអាហារូបករណ៍ អ.ម.ត បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត នៃអង្គការមូលនិធិកុមារកម្ពុជាចំនួនប្រមាណជិត ១០០នាក់ នៅ Nesson Cripps Academy។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ឱកាសសិក្សាជាច្រើនកន្លែងដល់សិស្ស និងនិស្សិត មកពីគ្រួសារក្រីក្រ ឱ្យទទួលបានការអប់រំ និងបញ្ចប់ការសិក្សាកម្រិតខ្ពស់។ សិស្ស និស្សិតខ្លះមិនត្រឹមទទួលបានអាហារូបករណ៍សិក្សាក្នុងប្រទេសប៉ុណ្ណោះទេ តែក៏ទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្រៅប្រទេសថែមទៀតផង។

តាមរយៈចំណេះដឹងទទួលបានពីការអប់រំទាំងនេះ បានផ្តល់ទុនដ៏ធំសម្រាប់ពួកគេយកទៅកសាងជីវិតឱ្យប្រសើរ ហើយអ្នកខ្លះទៀត ក៏បានប្រឡងចូលបំពេញការងារក្នុងក្របខណ្ឌរាជការបម្រើជាតិមាតុភូមិពោរពេញដោយសក្តានុពលថែមទៀតផង៕