(រតនគិរី)៖ លោក ទុន ពៅ ចៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានចេញបំភ្លឺលើបណ្តាញព័ត៌មាន MD-TV Newsដែលមានខ្លឹមសារថា «ក្រុមហ៊ុនផាត សុខហ៊ាង សាងសង់ផ្លូវបេតុងអាមេទើបនឹងបាន១ខែ ប្រេះខូចជាច្រើនកន្លែង»

ករណីនេះ រដ្ឋបាលសង្កាត់កាចាញបានចេញបំភ្លឺជូនព័ត៌មានថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សង្កាត់បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនផាត សុខហ៊ាង ដែលអនុវត្តនៅចំនួន២ភូមិ គឺភូមិ២ និងភូមិ៤ សរុបចំនួន៥ខ្សែមានប្រវែង១,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ក្នុងពេលសាងសង់ សង្កាត់បានចាត់គណៈកម្មការគ្រប់គ្រងគម្រោងចុះត្រួតពិនិត្យ និងតាមដានជាប្រចាំយ៉ាងយកចិត្តទុកដាក់បំផុត។

លិខិតដដែលនេះអះអាងថា ផ្លូវដែលមានបញ្ហាគឺស្ថិតនៅភូមិ៤ (ដោះក្រមុំ) មានប្រវែង៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ក្នុងនោះចំណុចដែលខូចខាតមានចំនួន៤កន្លែង សរុប៤០ម៉ែត្រ។ក្នុងលិខិតនេះបញ្ជាក់ទៀតថា គម្រោងផ្លូវបេតុងនេះទើបតែអនុវត្តបាន ៨០% តែប៉ុណ្ណោះ មិនទាន់សាងសង់រួចរាល់ហើយជាស្ថាពរនៅឡើយទេ ហើយសាលាសង្កាត់ក៏មិនទាន់បានចុះហត្ថលេខាលើឯកសារបើកប្រាក់ជូនក្រុមហ៊ុននៅឡើយដែរ។ គម្រោងខាងលើនេះ ក្រោមការត្រួតពិនិត្យពីមន្ត្រីបច្ចេកទេសខេត្ត មន្ត្រីក្រុង និងសង្កាត់ ទាល់តែការសាងសង់បញ្ចប់ ១០០% ត្រួតពិនិត្យបច្ចេកទេសគុណភាព តាមសៀវភៅបន្ទុកត្រឹមត្រូវ ទើបសាលាសង្កាត់យល់ព្រមចុះហត្ថលេខាទូទាត់ប្រាក់ជូនក្រុមហ៊ុន។

ម្យ៉ាងវិញទៀត ក្រុមការងារបច្ចេកទេសខេត្ត ក្រុមការងារថ្នាក់ក្រុង និងសាលាសង្កាត់ បានពិនិត្យឃើញមានការខូចខាត និងមានគម្រោងណែនាំដល់ក្រុមហ៊ុនឲ្យគាស់ចេញមុនសារព័ត៌មាន MD-TV News ចុះផ្សាយទៅទៀត។ ក្រោយពីការចុះត្រួតពិនិត្យ អ្នកបច្ចេកទេសខេត្តនិងក្រុមការងារថ្នាក់ក្រុង ជាមួយក្រុមការងារថ្នាក់សង្កាត់ បានណែនាំដល់ក្រុមហ៊ុនឲ្យធ្វើការគាស់ចេញនៅកន្លែងដែលខូចខាតនោះ ហើយចាក់សាឡើងវិញជាថ្មី។ ជាលទ្ធផលក្រុមហ៊ុនបានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរ៕