(កោះកុង)៖ តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តតាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចស្ថានីយប្រេងឥន្ទនៈតេលា ក្រុងខេមភូមិន្ទ ខេត្តកោះកុង បានចេញមកអះអាងថា ខ្លួនយកការបង់ថ្លៃភាស៊ីរថយន្តទៅតាមសៀវភៅបន្ទុកកំណត់ប៉ុណ្ណោះ មិនដូចការចោទប្រកាន់ពីអ្នកបើកបរថយន្តមួយចំនួនឡើយ។

ការបកស្រាយពន្យល់របស់តំណាងក្រុមហ៊ុនយកភាស៊ីនេះ ធ្វើឡើងក្រោយគេសង្កេតឃើញមានការបង្ហោះលើបណ្តាញសង្គម Tik Tok ករណីប៉ះសម្តីគ្នារឿងថ្លៃភាស៊ីនេះប៉ុន្មានមុន។

លោក ប៊ី សុទ្ធី តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តប្រចាំខេត្តកោះកុង គូសបញ្ជាក់ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ថា តម្លៃភាស៊ីដែលអ្នកបើកបរឈ្មោះសុភ័ក្រ្ត គឺ២៥០០០រៀល ព្រោះរថយន្តដឹកទំនិញមានចែងក្នុងសៀវភៅស្រាប់ ប៉ុន្តែលោកយកតែ២០០០០រៀលទេ ហើយឈ្មោះ សុភ័ក្រ្តឱ្យ១៥០០០រៀល ខុសនឹងតម្លៃក្នុងសៀវភៅបន្ទុកកំណត់មិនអាចទទួលបានរហូតដល់ប៉ះសម្តីគ្នាតែម្តង។

លោក ប៊ី សុទ្ធី បន្តថា ឃើញថាដូច្នេះលោកក៏អនុញ្ញាតឱ្យរថយន្តដឹកដែកនេះចូលទៅក្រុងខេរមភូមិន្ទ ដើម្បីលើកទំនិញនៅទីតាំងដែលដឹកអោយគេ លុះចាំពេលត្រឡប់មកវិញចូលមកបង់ភាស៊ី ហើយដល់ពេលរថយន្តឈ្មោះសុភ័ក្រ្តត្រឡប់មកវិញ មិនបានចូលបង់នោះថែមទាំងបើកបរក្នុងល្បឿនលឿន ទើបមានតាមសួរនាំរហូតដល់ប៉ះសម្តីគ្នាបង្ហោះលើកបណ្តាញសង្គម។

តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តដដែលអះអាងថា គោលបំណងរបស់អ្នកបើកបរឈ្មោះ សុភ័ក្រ្ត ជាចេតនាមិនល្អនោះទេ ករណីកើតទុកមិនសុំចិត្តគួរនិយាយគ្នាអោយបានស្រួលបួល មិនមែនបើកបរប្រុងបុកមនុស្សឡើយ។ ម៉្យាងទៀត ចំណតរបស់លោកក៏មានទីតាំងសម្រាប់ស្នាក់នៅ កន្លែងលាងរថយន្តដាក់ទឹក ត្រឹមត្រូវមិនដូចការចោទប្រកាន់តាម Tik Tok ឡើយ។
យោងតាម Tik Tok ឈ្មោះសុភ័ក្ត្រ ជាអ្នកបើកបររថយន្តដឹកដែក បង្ហោះតាមបណ្តាញសង្គម ចោទប្រកាន់ថា ខាងក្រុមហ៊ុនភាស៊ីយកថ្លៃចំនួន២ម៉ឺនរៀលចំពោះការបង់ភាស៊ី ដោយតម្លៃនេះថ្លៃខុសពីចំណតនៅខេត្តបាត់ដំបង ដូច្នេះលោកសុំឱ្យតែ១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ខាងភាស៊ីនិយាយថាមិនយកទេ។

អ្នកបើកបរឈ្មោះ សុភ័ក្រ្ត បន្តថា ពេលត្រឡប់មកពីដាក់ទំនិញនៅក្រុងខេមរភូមិន្ទ មិនមែនលោកមិនឱ្យលុយបង់ភាស៊ី ប៉ុន្តែដោយសារឡានលោកចុះចំណោតផ្លូវក្រឡុកត្រង់មានអ្នកយកភាស៊ីឈរបាំងមុខ ទើបលោកមិនឈប់។

លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ចំពោះម្ចាស់រថយន្តដែលចោទប្រកាន់ទៅលើម្ចាស់ក្រុមហ៊ុន ម្ចាស់ចំណតយកភាស៉ីចំនួន២ម៉ឺនរៀលក្នុងការចូលបង់ភាស៉ីថ្លៃខុសពីខេត្តផ្សេងឬលើសពីសៀវភៅបន្ទុក។
លោកបានបញ្ជាក់ថា តំណាងក្រុមហ៊ុនយកភាស៉ី គឺគាត់អនុវត្តក្រឹត្យក្រមរបស់ក្រសួងក្នុងសៀវភៅបន្ទុក មិនមែនគាត់កំណត់យកដោយចិត្តខ្លួនឯងគាត់នោះទេ បើម្ចាស់ក្រុមហ៊ុនបេនយកភាស៉ីយកហួសកំណត់លើសពីសៀវភៅបន្ទុកនោះ ទើបម្ចាស់ចំណតយកភាស៉ីខុសហើយត្រូវតែទទួលខុសច្បាប់ ប៉ុន្តែម្ចាស់ចំណតយកភាស៉ីគាត់អនុវត្តត្រឹមត្រូវនៅគោលការនៃសៀវភៅបន្ទុក។

លោកបានបញ្ជាក់ថា ម្ចាស់រថយន្តគាត់មិនយល់ពីការគោលការណ៍មិនមើលការអនុវត្តច្បាប់នៅក្នុងសៀវភៅបន្ទុក ចេះរករឿងម្ចាស់ចំណត ក្នុងសៀវភៅបន្ទុកបានចែកច្បាស់ការបង់ថ្លៃភាស៊ីប៉ុន្មាន ចំពោះរថយន្តប្រភេទណាបង់ថ្លៃប៉ុន្មានរថយន្តប្រភេទណាមិនត្រូវបង់។

លោកបានបញ្ជាក់ថា បើម្ចាស់រថយន្តប្រកបអាជីវកម្មដឹកជញ្ជូនមិនពេញចិត្ត នៅចំណុចណាមួយអាចមកជួបសាមីមន្ទីរណាមួយដែលជាប់ពាក់ព័ន្ធ ឬក៏រដ្ឋបាលខេត្ត មិនត្រូវឈ្លោះប្រកែកគ្នានៅលើកដងផ្លូវសាធារណៈទេ ប្រទេសមានច្បាប់។

ចំណែកលោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បាននិយាយថា ចំពោះបញ្ហាខាងលើនេះការឈ្លោះប្រកែកគ្នាចំពោះម្ចាស់ចំណតយកភាស៉ី និងម្ចាស់រថយន្តដែលធ្វើ អាជីវកម្មដឹកជញ្ជូន រដ្ឋបាលខេត្តគណៈកម្មការខេត្ត និងបើកប្រជុំពិភាក្សានៅថ្ងៃច័ន្ទ ដើម្បីរកដំណោះស្រាយ៕