(ភ្នំពេញ)៖ នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺនៅឆ្នាំ២០២២, ២០២៣ និងឆ្នាំ២០២៤ ក្រុមហ៊ុន City Rice បានឈានមុខគេ លំដាប់លេខ១ នៅក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនៅក្នុងឆ្នាំ២០២២ បាននាំចេញក្នុងរង្វង់ជាង១០ម៉ឺនតោន, ឆ្នាំ២០២៣ បាននាំចេញជាង ៨ម៉ឺនតោន និងឆ្នាំ២០២៤នេះរំពឹងថា នឹងនាំចេញក្នុងរង្វង់ពី៨ ទៅ៩ម៉ឺនតោន។

ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice បានលើកឡើងថា ក្នុងការធ្វើជំនួញស្រូវអង្ករ មិនអាចពឹងផ្អែកតែទីផ្សារមួយបាននោះទេ គឺត្រូវរកទីផ្សារធំៗយ៉ាងហោចណាស់ឱ្យបាន៣ ទៅ៥ ព្រោះបើសិនជាទីផ្សារណាមួយធ្លាក់ចុះនោះ នឹងមានទីផ្សារផ្សេងទៀតសម្រាប់ផ្គត់ផ្គង់នាំចេញទៅ។

ជាក់ស្តែងសម្រាប់ ក្រុមហ៊ុនហ៊ុន City Rice បានបែងចែកទីផ្សារធំជា ៣ទៅ៤ទីផ្សារសម្រាប់នាំចេញ។ ទី១.ទីផ្សារអាស៊ី បានផ្គត់ផ្គង់ចំណែកប្រមាណ៤០% ដែលមានបរិមាណ៤ទៅ៥ម៉ឺន ក្នុងមួយឆ្នាំ ,ចំណែកទីផ្សារទី២ គឺទីផ្សារអឺរ៉ុបដែលជាទីផ្សារមានស្ថេរភាពមួយ ដោយបានផ្គត់ផ្គង់ប្រមាណ៣០% ដែលមានបរិមាណ៣ម៉ឺនតោន និង២០%ទៀត ផ្គត់ផ្គង់ទៅកាន់ទីផ្សារអូស្រ្តាលី ញូវហ្សេលែន អាហ្រ្វិក និងអាមេរិក។

លោកបានបញ្ជាក់បន្តថា «យើងមិនអាចថា ទីផ្សារណាល្អទេ ហើយនៅក្នុងវិស័យនេះ យើងត្រូវដឹងថាយើងមិនត្រូវផ្តោត ទៅលើការនាំចេញតែមួយទេ។សម្រាប់ក្រុមហ៊ុនខ្ញុំផ្ទាល់យើងត្រូវដឹងថា យើងត្រូវពង្រីកខ្លួនជារៀងរាល់ឆ្នាំ ដើម្បីប្រមូលស្រូវដែលកសិករខ្មែរយើងដាំដុះទាំងអស់ ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក »

លោកបានលើកឡើងថា ការដាក់ចេញនូវគោលដៅច្បាស់លាស់នេះហើយ ដែលជំរុញឱ្យក្រុមហ៊ុន City Rice របស់លោក ឈានមុខគេក្នុងការនាំចេញអង្ករទៅកាន់តែទីផ្សារពិភពលោក៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ឧកញ៉ា ឡាយ ឈុនហួ៖