(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ក្នុងសម័យតេជោសន្ដិភាព រាជរដ្ឋាបាលបន្ដវេនដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺថ្ងៃនេះ បើយើងនិយាយអំពីការចាត់ចែងរបស់គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា ដែលបានរៀបចំព្រឹត្ដិការណ៍រត់ម៉ារ៉ាតុង នាពេលព្រឹកព្រលឹមភ្លឺស្រាងៗថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបងជាលើកទី១ ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីចូលរួមអបអរសាទទិវាសិទ្ធិមនុស្សអន្ដរជាតិដោយមានការចូលរួមពីមហាជនទាំងប្រុស-ស្រី, ក្មេង -ចាស់ប្រមាណជា១៥០០នាក់ យ៉ាងអធិកអធមនិងសប្បាយរីករាយក្រៃលែង។

នេះគឺជាសារមួយឧទ្ទិសដល់ប្រទេសមហាអំណាច កុំយកបញ្ហាសិទ្ធិមនុស្សមកប្រើជាលេសរំលោភបំពានមកលើប្រទេសតូចតាច ដើម្បីបម្រើឲ្យភូមិសាស្រ្ដនយោបាយរបស់ខ្លួន។ ព្រោះក្នុងបរិបទប្រវត្ដិសាស្រ្ដលើពិភពលោក បានបង្ហាញយ៉ាងច្បាស់ថា រាល់បណ្ដាប្រទេសតូចតាចនានាលើពិភពលោក តែងតែទទួលសំពោធ គំនៀប និងបញ្ហាប្រឈមពីការគំរាមកំហែង យាយីជាប្រចាំពីប្រទេសមហាអំណាចធំៗ ដោយយកបញ្ហាសិទ្ធិមនុស្សជាលេសមកគៀបសង្កត់លើប្រទេសតូចតាចនានាលើពិភពលោក ដើម្បីបម្រើឲ្យមហិច្ឆតាភូមិសាស្រ្ដនយោបាយរបស់ខ្លួន។ ជាក់ស្ដែងប្រវត្ដិសាស្រ្កកម្ពុជា ក៏ត្រូវបានប្រទេសមហាអំណាច យកបញ្ហាសិទ្ធិមនុស្សមកប្រើជាលេសដើម្បីបម្រើឲ្យមហិច្ឆតាភូមិសាស្រ្ដនយោបាយរបស់ខ្លួនផងដែរ រហូតកម្ពុជាបានរអិលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបវាលពិឃាដអស់រយៈពេលជិ៎ត៤ឆ្នាំយ៉ាងខ្លោចផ្សាបំផុត។

ហេតុនេះព្រឹត្ដិការណ៍រត់ម៉ារ៉ាតុងលើទឹកដីខេត្ដបាត់ដំបងដ៏ស្រស់បវរនាពេលនេះ គឺជាការរំឭកឲ្យយើងចងចាំពីទីកន្លែង និងពេលវេលានៃការរអិលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបវាលពិឃាដកាលពីអតីតកាល ដើម្បីរំលឹកយើងទាំងអស់គ្នាឲ្យប្រុងប្រយ័​ត្ននឹងភាព​ផុយ​ស្រួយនៃការបាត់បង់សន្តិភាព។ ពីព្រោះសន្តិភាពដែលកម្ពុជាយើងមានសព្វថ្ងៃ ប្រៀបដូចទៅនឹងគ្រាប់ពេជ្រ ហើយក៏មានភាពផុយស្រួយដូចជាអំបែងផងដែរ។

លោក រ័ត្ន សណ្ដាប់ បន្ដថាជាទូទៅសព្វថ្ងៃក្នុងទិវាសិទ្ធិមនុស្សអន្ដរជាតិ យើងចាប់អារម្មណ៍និងផ្ដោតតែលើបញ្ហាសិទ្ធិមនុស្សនៅតាមបណ្ដាប្រទេសនីមួយៗតែប៉ុណ្ណោះ។ ប៉ុន្ដែបញ្ហាសិទ្ធិមនុស្សដែលបង្កទ្បើងពីប្រទេសមហាអំណាចធំៗ មកលើប្រទេសតូចតាចជ្រកក្រោមឆ័ត្រសិទ្ធិមនុស្ស ជាបព្វហេតុបង្កហានិភ័យ គ្រោះថ្នាក់និងកំពុង​គំរាម​កំហែង​ជុំវិញ​ពិភពលោក ហាក់មិនយកចិត្ដទុក្ខដាក់ ឬបំភ្លេចចោលទៅវិញ។ ហេតុនេះយើងសូមអំពាវនាវដល់ប្រទេសមហាអំណាចធំៗ សូមឲ្យកុំយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាលេសដើម្បីបម្រើឲ្យភូមិសាស្រ្ដនយោបាយរបស់ខ្លួន។

ស្ថិតក្នុងន័យនេះក្នុងការរត់ម៉ារ៉ាតុងនៅលើទឹកដីខេត្តបាត់ដំបងដ៏ស្រស់បវរនេះទៀតសោត គឺជាការជំរុញឲ្យប្រជាជាតិខ្មែរ ឲ្យចេះមានចិត្តសប្បុរសធម៌ មនុស្សធម៌ សណ្តោសប្រោសប្រណី ចេះជួយយកអសា អត់ឱននិងអនុគ្រោះឲ្យគ្នាទៅវិញទៅមក ជាពិសេសឲ្យចេះស្រឡាញ់សន្តិភាព និងលុបបំបាត់សង្រ្គាម ដោយកម្ពុជាពីមុន ជាប្រទេសមួយត្រូវបានគេមើលឃើញថា ជាចំណែកមួយរបស់ពិភពលោកនៃជម្លោះនិងសង្រ្គាម។

បើពោលឲ្យចំ មនុស្សគ្រប់ៗគ្នាដែល​បានមកចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ មិនពាក់ព័ន្ធមនោគមន៍វិជ្ជានយោបាយ វប្បធម៌ ឬសាសនាណាមួយឡើយ ដោយពួកគេទុកភាពខុសៗគ្នានៃវប្បធម៌ និងជំនឿសាសនាផ្សេងៗគ្នារបស់ពួកគេ ដើម្បីចង់រួមរស់ជាចម្រុះពណ៌សំបុល ចម្រុះវប្បធម៌ និងសាសនា ក្នុងសង្គមសុខសន្តិភព ដោយពួកគេបានរត់ប្រដេញគ្នាយ៉ាងត្រសងពោរពេញដោយទឹកមុខញញឹមស្រស់ស្រាយជាមួយក្រុមគ្រួសារ ប្ដីប្រពន្ធ ,កូនចៅ និងមិត្តភក្តិ ទាំងជាតិ និងអន្ដរជាតិយ៉ាងអធិកអធមនិងសប្បាយរីករាយក្រៃលែង។

ហេតុនេះអ្វីដែលយើងឃើញ ការរត់ម៉ារ៉ាតុងពីមួយជំហានទៅមួយជំហានជាបន្ដបន្ទាប់យ៉ាងលឿនប្រកបដោយថាមពល កម្លាំងរឹងមាំ និងការតាំងចិត្តរបស់មនុស្សម្នាក់ៗយ៉ាងស្វាហាប់ ចាំបាច់ដើម្បីបញ្ចប់ការរត់ដ៏វែងឲ្យដល់គោលដៅនេះ គឺជាការប្រាប់ឲ្យយើងដឹងថា សន្តិភាពដែលរកបានមកពុំមែនកើតទ្បើងពីការរត់ប្រណាំងមនោគមន៍វិជ្ជាភូមិសាស្រ្ដនយោបាយ ឬការរត់ប្រណាំងសញ្វាវុធទ្បើយ គឺសន្ដិភាព បានកើតឡើងពីស្មារតី និងសមត្ថភាពដ៏អស្ចារ្យពីរដ្ឋបុរសដែលខិតខំប្រឹងប្រែងស្វែងរក។

ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បច្ចុប្បន្នសន្តិភាព​ និងសិទ្ធិមនុស្ស ជា​ពាក្យ​ដែល​រំជួល​ចិត្តបំផុតរបស់ប្រជាជាតិកម្ពុជា និងបណ្ដាប្រជាជាតិនានាលើពិភពលោក បើគេឃើញសារៈមន្ទីរគុកទួលស្លែង ឬទីកន្លែងវាលពិឃាដផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា ។ ហេតុនេះតាមរយៈកីឡារត់ម៉ារ៉ាតុងលើទឹកដីខេត្តបាត់ដំបង គឺជាថាមពលបង្កើតការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងសង្គម ដែលមានឥទ្ធិពលវិជ្ជមានលើស្មារតីរបស់បុគ្គលម្នាក់ៗ ដល់សហគមន៍ និងសង្គមជាតិ។

ម្យ៉ាងទៀតយើងអាចនិយាយបានថា ក្នុងការរត់ម៉ារ៉ាតុងនៅលើទឹកដីខេត្តបាត់ដំបង ជាការប្រមូលផ្តុំកម្លាំងវិញ្ញាណថាមពលរបស់ជាតិ ដើម្បីលុបបំបាត់សង្គ្រាម និងនឹកដល់ការភ័យខ្លាចពីអតីតកាល។ ព្រោះសន្ដិភាព ជា​អ្វី​ដែល​មនុស្ស​ជាតិគ្រប់​ៗគ្នា​លើពិភពលោក ប៉ងប្រាថ្នាចង់​បានឲ្យនៅឋិតឋេរជារៀងដរាប។ ប៉ុន្ដែក៏ជា​រឿង​ពិបាក​ក្នុងការថែរក្សាសន្ដិភាពសម្រាប់​ប្រជាជាតិនីមួយៗ លើភពផែនដីផងដែរ។

ដូច្នេះក្នុងការរត់ម៉ារ៉ាតុងនេះ គឺប្រៀបដូចជាយើងរត់ពាំនាំទង់សន្តិភាព ដើម្បីបង្កើតភាពសុខដុមរមនាមិនត្រឹមតែសំរាប់ក្នុងសង្គមខ្មែរប៉ុណ្ណោះទេ តែក៏បានបង្កើតភាពសុខដុមរមនាដល់បណ្ដាប្រជាជាតិនានាលើពិភពលោក ដ៏រុងរឿងផងដែរ។ សន្តិភាព​ គឺត្រូវរួមគ្នាការពារពីមួយ​ជំហាន​ទៅមួយជំហាន ឬពីមួយជំនាន់ទៅមួយជំនាន់ទៀត ដូចប្រវត្តិម៉ារ៉ាតុងជាអ្នកនាំសារក្រិកបុរាណយ៉ាងដូច្នោះដែរ៕