(កណ្ដាល)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះក្នុងពិធីបុណ្យផ្កាប្រាក់កសាងសមិទ្ធផលក្នុងវត្តពោធិ៍អណ្តែត ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងសំណេះសំណាលជាមួយប្រជារាលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន៣២ និងអាស្រមចំនួន២ ព្រះសង្ឃសរុបចំនួន៤៥០អង្គ គណៈកម្មការវត្តចំនួន២៧៣នាក់ អាចារ្យចំនួន១០០នាក់ គ្រប់វត្ត និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើដល់ការគោរពប្រតិបត្តិតាមបែបសាសនា ព្រះវិហារ សាលាធម្មសភា កុដិថ្ម របង ត្រូវបានកសាងរីកចម្រើនយ៉ាងផុសផុលដោយកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្តល់ជាចំណងដៃនូវព្រះវិហារចំនួន៣ គឺវត្តអង្គជុំភ្នំចចក ឃុំទ្រា វត្តវិហារត្រាញ់ និងវត្តវិហារបិទមាស ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងនោះនៅវត្តពោធិអណ្តែត ព្រះសង្ឃសរុបចំនួន៩អង្គ គណៈកម្មការវត្តចំនួន២៨នាក់ អាចារ្យ៣នាក់។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ព្រមទាំងសប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរនូវសមិទ្ធផលមួយចំនួន ក្នុងវត្តពោធិ៍អណ្តែត ឃុំដើមបួស រួមមាន ទិញដី និងចាក់ដីពង្រីកទីធ្លាវត្ត កសាងឧប្បដ្ឋានសាលា, មហាកុដិ១ខ្នង, បង្គន់អនាម័យ, សាលាធម្មសភា និងសមិទ្ធផលផ្សេងៗ អស់ថវិកាកសាងសរុបចំនួន ១១៤ លានរៀល និង ៥៥៧ ២៤៩ ដុល្លារ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងលោកតាលោកយាយ ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកកិត្តិសង្គហបណ្ឌិត ហ៊ុង ប៊ុនហៀង បានបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស។

លោកក៏បានគូសបញ្ជាក់ថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងទាំងអស់ត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែនចន្នី បានវេរប្រគេនបច្ច័យអង្គផ្កាប្រាក់ដល់ព្រះសង្ឃ វត្តពោធិ៍អណ្តែត មានចំនួន ១១០លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតា លោកយាយ លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស មន្ត្រីឃុំ-ស្រុក និងបានឧបត្ថម្ភស្រុកកណ្តាលស្ទឹង ថវិកាចំនួន ២លានរៀល និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕