(ស្ទឹងត្រែង)៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង រៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក» ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ឃុត សុធីណា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកស្រី កែវ វណ្ណារ៉ា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងមានការចូលរួមដោយលោកគ្រូ អ្នកគ្រូ ពេទ្យ សិស្សានុសិស្ស សាលាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែងជាច្រើននាក់។
លោកស្រីវេជ្ជបណ្ឌិត ឃុត សុធីណា បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់ សាធារណៈជន និងសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទៅលើស្ត្រី និងក្មេងស្រី។
លោកស្រីអនុប្រធានមន្ទីរបានបញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយ ក្រុមបុរសជនជាតិកាណាដា មួយក្រុម។ក្រោយមកយុទ្ធនាការ នេះត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតបានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ កំណត់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាស ទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់ អំពើហិង្សាលើស្ត្រីតាមរយៈមហាសន្និបាតលើកទី៨៣ របស់អង្គការ សហប្រជាជាតិ។
លោកស្រីវេជ្ជបណ្ឌិត ឃុត សុធីណា បានបន្ថែមថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន, លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និង អ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ, កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី៕