(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង២ខ្សែ ប្រវែង២១០ម៉ែត្រ, ទីធ្លាហ្វឹកហាត់ទំហំ១,៦៦៩ម៉ែត្រការ៉េ, រោងចំណតរថយន្តចំនួន២កន្លែង ក្នុងសាលានគរបាលភូមិភាគ១ និងផ្លូវបេតុង៣ខ្សែ ប្រវែងសរុប១,៤០៨ម៉ែត្រ, ប្រព័ន្ធលូប្រវែង៧០១ម៉ែត្រ, រ៉េហ្គាឡូ៣០កន្លែង និងរៀបចំចិញ្ចើមសងខាងផ្លូវប្រវែង២,៨១៤ម៉ែត្រ, កន្លែងហាត់ប្រាណ, សួនកុមារ, រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ ជួន ណាត, រូបសំណាកអ្នកព្រះភិរម្យភាសា អ៊ូ ហៅ ក្រម ង៉ុយ និងផ្ទាំងភាសាខ្មែរចំនួន២ផ្ទាំង ក្នុងក្រុងស្ទឹងត្រែង។
លោក សរ សុពុត្រា បានបញ្ជាក់ថា សមិទ្ធផលដែលកើតចេញនាពេលនេះសរបញ្ជាក់ឲ្យយើងឃើញអំពីការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យមានសន្តិភាព ស្ថិរភាពនយោបាយមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងអាណាចក្រ ទាំងពុទ្ធចក្រ។
លោកអភិបាលខេត្តបន្ថែមថា ប្រទេសជាតិមានសន្តិភាព សេរីភាព ការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យនាបច្ចុប្បន្ន ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនោះទៀត លោកក៏សូមឱ្យប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងកុំជឿលើកការញុះញង់របស់ក្រុមប្រឆាំងឱ្យសោះ ហើយមានតែថ្នាក់ដឹកនាំ ដែលកើតចេញពីគណបក្សប្រជាជនតែមួយគត់ ដែលអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់មូលដ្ឋាននៅពេល ជួបបញ្ហាណាមួយមិនថាថ្ងៃឬយប់ ឬនៅក្រៅប្រទេសឡើយ។
លោកអភិបាលខេត្តបានបន្តជំរុញដល់អភិបាលក្រុង ស្រុក ត្រូវធ្វើការដោះស្រាយ និងចាត់វិធានការបញ្ហាបទល្មើសគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ពិសេសល្បែងអនឡាញ បញ្ហាលុបបំបាត់ទីតាំងល្បែងជល់មាន់ បញ្ហាចោរកម្ម ដែលបញ្ហាទាំងនេះទាមទារឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាបច្ចុប្បន្នផងដែរ៕