(កណ្តាល)៖ លោក ចៅ តុល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ (ទទួលជួយឃុំព្រែកថ្មី) ខេត្តកណ្តាល បានអញ្ជើញចុះធ្វើវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះមានការចូលរួមពីសំណាក់លោក លឹម ឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកថ្មី, លោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុក សមាជិក/សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំព្រែកថ្មី រួមជាមួយប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
វេទិកាសាធារណៈនេះរៀបចំឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីចង់ដឹងពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរនានា អំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីក្រុមការងារដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ក្នុងអង្គវេទិកាសាធារណៈខាងលើនេះ មានប្រជាពលរដ្ឋ បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ លោក ចៅ តុល ក៏បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវយក ចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាម សហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឱ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋាន ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើមសំដៅបង្កើន ភាពជឿជាក់ និងមានទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើរាជរដ្ឋាភិបាលរបស់យើងផងដែរ។
ជាមួយគ្នានេះដែរ លោក ចៅ តុល បានឧបត្ថម្ភថវិកាដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាដួងចំនួន ១០លានរៀល ឧបត្ថម្ភសមាគមមនុស្សចាស់ក្នុងឃុំព្រែកថ្មី ២លានរៀ, ឧបត្ថម្ភសំលៀកបំពាក់ប្រជាការពារ ១៣៦កំប្លេរ និងឧបត្ថម្ភអាកូម ៣០គ្រឿងដល់ប្រជាការពារផងដែរ៕