(ភ្នំពេញ)៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានថ្លែងថា ការចាក់​ឫស​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក តម្លៃ​រួម និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​គ្នារវាងប្រទេសទាំង២ គឺជាការជំរុញទំនាក់ទំនងទ្វេភាគីឲ្យរឹងមាំ។

លោក Santo Darmosumarto ថ្លែងបែបនេះ ក្នុងព្រឹត្តិការណ៍ នៃការសម្ដែងវប្បធម៌ Harmony in Motion ឆ្លុះបញ្ចាំងពីការកសាងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ី តាមរយៈសិល្បៈ នាយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។

ការសម្ដែងរបាំបែបសិល្បៈវប្បធម៌នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីភាពជិតស្និទ្ធរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ដែលមានទំនាក់ទំនងការទូតអស់រយៈពេល៦៥ឆ្នាំមកហើយ។

លោក Santo Darmosumarto បានថ្លែងបែបនេះថា «ការចាក់​ឫស​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក តម្លៃ​រួម និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​គ្នារវាងប្រទេសទាំង២ គឺជាការជំរុញឲ្យទំនាក់ទំនងទ្វេរភាគីកាន់តែរឹងមាំ»

លោកគូសបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរវប្បធម៌ដូចជា BSBI និងព្រឹត្តិការណ៍ដូចជាយប់នេះ កម្ពុជា និងឥណ្ឌូនេស៊ី នឹងបន្តកសាងស្ពាន នៃការយល់ដឹងរវាងប្រជាជាតិទាំងពីរ ដោយធានាថាមិត្តភាពរបស់ប្រទេសទាំងពីរស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ។

លោកបានបន្តថា ភាពជាដៃគូនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ និងថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ព្រឹត្តិការណ៍នេះ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានអត្ថន័យរវាងប្រទេសទាំងពីរ លោកបន្ថែមថា សិល្បៈ និងវប្បធម៌គឺជាឧបករណ៍ដ៏មានអានុភាពក្នុងការតភ្ជាប់ និងបំផុសគំនិតប្រជាជាតិ៕