(សៀងហៃ)៖ ពិតជាមានមោទនភាពណាស់សម្រាប់កម្ពុជា! លោក លូ ម៉េង មេចុងភៅឆ្នើម ដែលមានភាពល្បីល្បាញក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ហើយក៏ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន បដិសណ្ឋារកិច្ច អល មិន បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ ពានរង្វាន់ «ឧត្តមភាពនៃម៉ាកយីហោប្រចាំឆ្នាំក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ច» នៅក្នុងកម្មវិធី «ពានរង្វាន់ មុខជំនួញឈានមុខគេ ប្រចាំតំបន់អាស៊ាន-ចិន ឆ្នាំ២០២៤»

ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ។

លោក លូម៉េង នាយកប្រតិបត្តិនៃ ក្រុមហ៊ុន បដិសណ្ឋារកិច្ច អល មិន បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ សហគ្រាស រួមទាំងដៃគូរអជីវកម្មនានា និងបង្ហាញគោលជំហរយ៉ាងមុតមាំថា និងបន្តរក្សាគុណភាព សេវាកម្ម និងភាពច្នៃប្រឌិតអោយបានកាន់តែល្អបន្ថែមទៀត បន្ទាប់ពីទទួលបានពានរង្វាន់នេះ។

លោកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត ទៅលើវិស័យម្ហូបអាហារនៅកម្ពុជា និងកំណត់ស្តង់ដារថ្មីក្នុងវិស័យបដិសណ្ឋារកិច្ច ទន្ទឹមនឹងនេះផងដែរ ក៏ជួយរួមចំណែកដល់ប្រជាកសិករ និងសិប្បករក្នុងស្រុក ដើម្បីអភិរក្ស និងជួយផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ពិភពលោក៕