(សៀមរាប)៖ ក្រុមការងារសហគមន៍ទី ០១ប្រចាំ ស្រុកប្រាសាទបាគង ដឹកនាំដោយលោក លឹម អួក និងលោក ព្រីម វីរៈ តំណាង លោក ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីបុគ្គលិក ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ ទារក ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច២៥គ្រួសារ នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង និងសាលាសង្កាត់ទឹកវិល ក្រុងសៀមរាប។
សម្ភារមាននៅក្នុងកញ្ចប់ទ្រទ្រង់ សុខុមាលភាពទារក និងម្តាយនេះ មានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក និងថវិកា ២ម៉ឺនរៀល ដែលជាអំណោយរបស់ ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ។
ក្រៅពីនេះ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជ្រាបចំណេះដឹង ដល់ពួកគាត់ស្តីពីតួនាទីភារកិច្ចអាជ្ញាធរជាតិអប្សរា ចំពោះការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ ច្បាប់ការពារបេតិកភណ្ឌ និងតួនាទីភារកិច្ចរបស់ពួកគាត់ ដែលត្រូវចូលរួមជួយថែរក្សាគ្នា នូវសម្បត្តិបេតិកភណ្ឌដូនតា ដ៏មាហាសាលដែលមិនអាចកាត់ថ្លៃ ក្នុងនាមពួកគាត់រស់ នៅក្នុងតំបន់បេតិកភណ្ឌដែរ។
សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ចំពោះសុខទុក្ខប្រជាពលរដ្ឋ ស្រ្តីទើបឆ្លងទន្លេរួច និងសម្បត្តិបេតិកភណ្ឌដូនតា ដែលបានបន្សល់ទុកមក ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្កើនភាពស្និទ្ធស្នាល នឹងគ្នាលើកកម្ពស់សុខុមាលភាពម្តាយ និងទារក និងថែរក្សានូវមរតកបេតិកភណ្ឌទាំងនោះ ឲ្យនៅគង់វង្សដល់ កូនចៅជំនាន់ក្រោយទៀត៕