(ភ្នំពេញ)៖ សហភាពសហជីពចំនួន៦ និងសហព័ន្ធមួយទៀត បានចេញមុខប្រកាស គាំទ្រការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧ និងបន្តគាំទ្រការអនុវត្តច្បាប់ស្ដីពីសហជីពថ្មី ដោយមិនទាន់បានគិតអំពីការស្នើសុំធ្វើវិសោធនកម្មនៅឡើយ។
សហជីពដែលចេញសចក្តីថ្លែងការណ៍រួមមាន៖១-សហភាពសហជីពមរតកជាតិកម្ពុជាដឹកនាំដោយលោកតុល ផាន់មឿង, ២-សហព័ន្ធសហជីពសម្លេងកម្មករកម្ពុជាដឹកនាំដោយលោក ហុង ណាំហោ, ៣-សហព័ន្ធសហជីពជាតិកម្មករកម្ពុជាដឹកនាំដោយលោក កេត លី,៤-សហព័ន្ធសហជីពចំរើនកម្មករដឹកនាំដោយលោក ហង្ស ចំរើន, ៥-សហព័ន្ធសហជីពប្រជាធិបតេយ្យកម្ពុជាដឹកនាំដោយលោក នូ សំណាង និង៦-សម្ព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជាដឹកនាំដោយលោក ហង្ស រ៉ាវី។ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានថ្លែងនៅល្ងាចថ្ងៃទី១៣ ខែតុលានេះថា NACC មានសហភាពធំៗចំនួន៦ សហព័ន្ធសហជីព និងសមាគមចំនួន៣៩ មានសមាជិកប្រមាណ៤០ម៊ឺននាក់ ប្រកាសគាំទ្រការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូន កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧ និងសេចក្ដីថ្លែងការណ៍បន្តគាំទ្រការអនុវត្តច្បាប់ស្ដីពីសហជីពថ្មី។ លោក សោម អូន ថ្លែងបន្តថា ដំណើការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតគឺទទួលបានលទ្ធផលជោគជ័យដ៏ល្អប្រសើរ និងបើកទូលាយអំពីច្បាប់ សិទ្ធិសេរីភាព ព្រមទាំងមានការចូលរួមផ្តល់យោបល់យ៉ាងផុលផុសជាមួយ នឹងគណៈកម្មការត្រីភាគីតាមរយៈសិក្ខាសាលា ត្រីភាគីថ្នាក់ជាតិ បានបញ្ចប់ការប្រជុំបន្ទាប់ពីការប្រជុំ៩ដងរួចមក ដែលរៀបចំដោយក្រសួងការងារសហការជាមួយអាយឡូនិងមានការចូលរួមពីអង្គការវិជ្ជាជីវៈ សហជីពកម្មករ ភាគីនិយោជក និង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតទទួលបានលទ្ធផលល្អប្រសើរបំផុត។ សហជីពខាងលើកំពុងធ្វើការយ៉ាងសកម្មក្នុងការងារការពារសិទ្ធិផលប្រយោជន៍ របស់កម្មករនិយោជិត ប្រជាពលរដ្ឋនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងគ្រប់វិស័យ សូមស្វាគមន៍និងគាំទ្រដោយប្រកាសរបស់ក្រសួងការងារ បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការសាកល្បងចំនួន១៤៨ដុល្លារ និងកម្មករនិយោជិតពេញសិទ្ធិចំនួន១៥៣ដុល្លារអាមេរិកដោយចាប់អនុវត្តចាប់ពីថ្ងៃទី០១មករាឆ្នាំ២០១៧តទៅ។ ចំណែកឯខ្លឹមសារទីពីរបានបញ្ជាក់ថា សមាជិកសហជីព៦នេះ នៅតែប្រកាន់ជំហរបន្តគាំទ្រ និងចូលរួមអនុវត្តច្បាប់ស្ដីពី សហជីព ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការប្រកាសបែបនេះបន្ទាប់ពីមានបណ្តាញព័ត៌មានមួយចំនួនបានចុះផ្សាយថា សហជីពគ្រប់និន្នាកាគ្រោងចងក្រងលិខិតដាក់ជូនរាជរដ្ឋាភិបាលឱ្យធ្វើវិសោធកម្មនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីព។ ក្នុងស្មារតីនេះក្រុមសហជីពដែលតំណាងឱ្យសហជីពភាគច្រើននៅកម្ពុជាសូមបដិសេធចំពោះករណីគ្រប់និន្នាកានិងគាំទ្រច្បាប់សហជីពថ្មីទាំងស្រុង៕