(ភ្នំពេញ)៖ លោក សេង សោភ័ណតារា អតីតសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ សម្រេចចិត្តដើរចេញពីចលនាជ្រុលនិយមដឹកមុខដោយជនក្បត់ជាតិ សម រង្សុី និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សេង សោភ័ណតារា ជាអ្នកនយោបាយមួយរូប ដែលបានចូលរួមប្រឡូកក្នុងសមរភូមិនយោបាយជាមួយលោក សម រង្សុី ជាច្រើនឆ្នាំមកហើយ។ នៅឆ្នាំ២០១៣ ឆ្នាំដែលអតីតគណបក្សសង្គ្រោះជាតិចាប់កំណើតនោះ លោក សេង សោភ័ណតារា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការនាយក ជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្ត្រនៅខេត្តកំពង់ចាមថែមទៀតផង។
ពេលនេះលោក សេង សោភ័ណតារា បានភ្ញាក់ខ្លួន និងមើលឃើញពីនយោបាយគ្រោះថ្នាក់ចំពោះជាតិកើតចេញពីនយោបាយបែបជ្រុលនិយមរបស់លោក សម រង្សុី ជាហេតុជំរុញឱ្យរូបលោកត្រូវដើរចេញពីចលនាបំផ្លាញជាតិនេះ។
ទន្ទឹមនឹងការដើរចេញពីចលនាជ្រុលនិយមដឹកនាំដោយ សម រង្សុី ហើយនោះ លោក សេង សោភ័ណតារា ក៏បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
អតីតអ្នកស្ម័គ្រស្មោះនឹងបក្សប្រឆាំងរូបនេះ បានអះអាងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដោយសារតែរូបលោក បានមើលឃើញពីដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនាំឱ្យកម្ពុជាមានភាពរីកចម្រើន និងមានសុខសន្តិភាពពេញលេញ។
រឿងដែលលោកពេញចិត្តកាន់តែខ្លាំងទៀតនោះ គឺការរៀបចំ ដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរជាប្រវត្តិសាស្ត្រទៅកាន់ដែនដីខ្មែរក្រោម ជាអង្គកឋិនបើកទំព័រប្រវត្តិសាស្ត្រថ្មីផ្សាភ្ជាប់រវាងខ្មែរកណ្ដាល និងខ្មែរក្រោមដែលរាប់ទសវត្សរ៍កន្លងមកហើយ គ្មានមេដឹកនាំរូបណាផ្ដើមធ្វើបានឡើយ។
ក្រោយទទួលបានសំណូមពរខាងលើនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយមនុស្សដែលស្ម័គ្រស្មោះជាមួយបក្សប្រឆាំង ជាពិសេសជាមួយលោក សម រង្សុី បានសម្រេចចិត្តដើរចេញជាបន្តបន្ទាប់។ ការដើរចេញព្រោះពួកគេមិនពេញចិត្តចំពោះនយោបាយជ្រុលនិយមបង្កគ្រោះដល់ជាតិ ដឹកនាំដោយលោក សម រង្សុី។ បន្ថែមពីលើនោះ ពួកគេបានមើលឃើញច្បាស់ពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន បន្តធានារក្សានូវសុខសន្តិភាព ស្ថេរភាពសង្គម និងជំរុញដល់កិច្ចអភិវឌ្ឍន៍ជាតិ៕