(កណ្តាល)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ នាយក លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សថ្នាក់ទី១២ឆ្នាំសិក្សា២០២៤-២០២៥ ប្រមាណជិត១ពាន់នាក់ នៅទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច រំលឹកដល់សិស្សឲ្យរៀបចំផែនការនិងយុទ្ធសាស្រ្ត ក្នុងការរៀនសូត្រ ដើម្បីទទួលបាននិទ្ទេស Aអោយច្រើនជាងឆ្នាំមុន ខណៈកាលពីឆ្នាំសិក្សា២០២ ៣-២០ ២៤កន្លងទៅវិទ្យាល័យទាំង២ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលសិស្សទទួលបាននិទ្ទេស A មានរហូតដល់ ១៧ នាក់។

ប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល​ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកចលនាយុវជនស្រុក ខ្សាច់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សមកពីវិទ្យាល័យទាំង២ គឺវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល និងវិទ្យាល័យសម្តេចតេជោហ៊ុនសែនROTA ខ្សាច់កណ្តាល ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន៩០៣នាក់ ។

លោកបណ្ឌិត កៅ ថាច ក៏បានរំលឹកជូនថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី តែងតែក្រេីនរំលឹកជាប្រចាំអំពីការកសាងមូលធនមនុស្ស ឲ្យបានល្អប្រកបដោយគុណភាព និងត្រូវជួយឲ្យក្មួយៗនិងសិស្សានុសិស្សទាំងអស់ក្លាយជាមូលធនមនុស្សដ៏ល្អ​ និងមានជំនាញទន់ក្នុងខ្លួនថែមទៀត រួមមានទាំង សីលធម៌ សុជីវធម៌ និងទំនាក់ទំនងល្អក្នុងសង្គមជាតិ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានផ្តល់ជាអនុសាសន៍ណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវមានផែនការរៀនសូត្រនិងរៀបចំកាលវិភាគច្បាស់លាស់ ជាពិសេស ចំពោះប្អូនៗ ក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបាននិទ្ទេសល្អ នឹងអភិវឌ្ឍន៍ខ្លួនល្អដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជាសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ទន្ទឹមនោះ លោកបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា ឆ្នាំនេះលទ្ធផលសិស្សជាប់សម្រាប់ឆ្នាំសិក្សា២០២៤ បានច្រើនប្រហាក់ប្រហែល៩០ភាគរយ សូមអរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនដល់សិស្សានុសិស្សយើង ហើយបន្តខិតខំបង្រៀនថែមទៀត ដើម្បីឲ្យសិស្សយើងឆ្នាំក្រោយទៀតទទួលបាននិទ្ទេសA រហូតដល់ ២០នាក់ជាលទ្ធផលមានក្តីរំពឹងមួយដ៏ធំផងដែរ។

នៅក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច ក៏បានរំលឹកដល់សិស្សានិសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រជំនាញក្នុងមុខវិជ្ជាទាំងអស់តាមអភិក្រមព្រះពុទ្ធសាសនាប្រកបដោយអង្គ៤​ គឺ (សុ. ចិ. បុ. លិ.)មានន័យថា ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ដើម្បីបណ្តុះគំនិតក្មួយៗនិងការអភិវឌ្ឍន៍ខ្លួនបានកាន់តែល្អថែមទៀត។

បន្ថែមពីនេះ លោកបណ្ឌិត កៅ ថាច ក៏បានផ្តល់ជាគន្លឹះសំខាន់ៗមួយចំនួនដល់សិស្សានុសិស្ស ដើម្បីរៀនសូត្រហើយទទួលបាននិទ្ទេសល្អ ដូចខាងក្រោម៖
១. ការកំណត់គោលដៅឲ្យច្បាស់លាស់
2. ការបង្កើតកាលវិភាគសិក្សាប្រចាំថ្ងៃ
3. ប្រើប្រាស់បច្ចេកទេសសិក្សាឲ្យបានសកម្មបំផុត
4. ការទន្ទឹញមេរៀន ដើម្បីបង្កើនការចង់ចាំ​ និងយល់អោយច្បាស់
5. អនុវត្ត​ និងរំលឹកមេរៀនឱ្យបានទៀងទាត់
6. ការរៀបចំឧបករណ៍សិក្សា​ និងឯកសារសិក្សាឱ្យមានសណ្តាប់ធ្នាប់
7. ត្រូវកំណត់ពេលវេលាសិក្សាបានសមស្រស្របតាមករណីជាក់ស្តែង​ និងអំណោយផល
8. ចេះថែរក្សាសុខភាពឲ្យបានល្អ
9. ចូលរួមក្នុងក្រុមសិក្សាឬបង្កើតក្លឹបសិក្សា
10. ការត្រៀមខ្លួននិងស្វែងរកមេរៀនល្អៗ
11. ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងការសិក្សា
12. លើកទឹកចិត្តខ្លួនឯងជាប្រចាំ
13. ការតាមដាន ពិនិត្យ​ និងរំលឹកលទ្ធផលនៃការប្រលងប្រចាំខែជាប្រចាំ៕