(អាប៊ូដាប៊ី)៖ សហព័ន្ធនៃទីក្រុងធំៗចំនួន ៧របស់អេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងលេចត្រដែតឡើងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់តំបន់មជ្ឈិមបូព៌ា។ ទោះបីជាប្រពៃណីអភិរក្សនិយម ត្រូវបានរដ្ឋាភិបាល ប្រកាន់ខ្ជាប់ក្តី ក៏ UAE ត្រូវបានគេមើលឃើញថា ជាប្រទេសសេរីនិយមបំផុត នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសារការលើកលែងមួយចំនួនផ្នែកវប្បធម៌ និងជំនឿផ្សេងៗទៀត។

មុនពេលប្រេង ត្រូវបានរកឃើញក្នុងឆ្នាំ១៩៥០ សេដ្ឋកិច្ច UAE គឺពឹងផ្អែកលើការនេសាទ និងឧស្សាហកម្មគុជខ្យង។ ប៉ុន្តែចាប់តាំងពីការនាំចេញប្រេង ផ្តើមឡើងនៅឆ្នាំ១៩៦២ សង្គម និងសេដ្ឋកិច្ច UAE បានផ្លាស់ប្តូរទៅរកបរិបទថ្មីមួយទៀត។ UAE បានធ្វើពិពិធកម្ម និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ក្នុងតំបន់។ មានក្រុមហ៊ុន UAE យ៉ាងច្រើន កំពុងធ្វើការវិនិយោគនៅឯបរទេស។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាប៊ូដាប៊ី)។

* ផ្ទៃដី និងប្រជាជន

អាប៊ូដាប៊ី (Abu Dhabi) គឺជារដ្ឋធានីរបស់ UAE។ UAE មានផ្ទៃដី ៨៣.៦០០គីឡូម៉ែត្រក្រឡា និងប្រជាជនសរុបចំនួន ៩.២លាននាក់ និយាយភាសាអារ៉ាប់។ អាយុសង្ឃឹមរស់សម្រាប់ប្រជាជន គឺបុរស ៧៨ឆ្នាំ រីឯស្រ្តី ៨១ឆ្នាំ។ ទីក្រុង Abu Dhabi, Dubai, Ajman, Fujairah, Ras al Khaimah, Sharjah និង Umm al Quwain បង្កើតបានជារដ្ឋអេមីរ៉ាត់អារ៉ាប់រួម។

* មេដឹកនាំ

ព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan បានក្លាយជាប្រធានាធិបតី នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បន្ទាប់ពីការសោយទីវង្គតរបស់បងប្រុសម្ដាយទីទៃរបស់ទ្រង់ Sheikh Khalifa bin Zayed កាលពីខែឧសភា ឆ្នាំ ២០២២។ គេរំពឹងថា ព្រះអង្គនឹងបន្តគោលនយោបាយការបរទេស គាំទ្រលោកខាងលិចយ៉ាងទូលំទូលាយរបស់ UAE ដែលមានស្រាប់។ UAE ត្រូវបានគ្រប់គ្រងដោយឧត្តមក្រុមប្រឹក្សា នៃអធិរាជទាំង ៧របស់ប្រទេស ហើយជាអ្នកតែងតាំងនាយករដ្ឋមន្រ្តី និងរៀបចំគណៈរដ្ឋមន្ត្រី។

* ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់

អេមីរ៉ាត់អារ៉ាប់រួម គឺជាមជ្ឈមណ្ឌលក្នុងតំបន់ និងអន្តរជាតិសម្រាប់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។ Dubai Media City និង twofour54 របស់ទីក្រុង Abu Dhabi ត្រូវបានបង្កើតឡើង ដើម្បីទាញចំណាប់អារម្មណ៍ជាអន្តរជាតិ។ អេមីរ៉ាតអារ៉ាប់រួម មានអត្រាអ្នកលេងអ៉ីនធឺណិតខ្ពស់បំផុតមួយ នៅក្នុងពិភពអារ៉ាប់ ប៉ុន្តែកំណត់ច្បាស់លាស់ទៅលើខ្លឹមសារ ដែលមានគោលដៅនយោបាយប្រឆាំង និងសាសនា។

* ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្រ្ត របស់ UAE

១៩២០- ការជួញដូរគុជខ្យងធ្លាក់ចុះ ដោយសារតែឱភាពសេដ្ឋកិច្ចពិភពលោក និងការច្នៃប្រឌិតនៃគុជខ្យងវប្បធម៌។
១៩៣៥- ការរុករកប្រេងនៅឈូងសមុទ្រ បានចាប់ផ្តើម។
១៩៥៨- ​ពាណិជ្ជកម្ម​ប្រេងលើកដំបូងធ្វើឡើងនៅក្រៅទីក្រុង Abu Dhabi ហើយការនាំចេញប្រេងចាប់ផ្តើមនៅឆ្នាំ១៩៦២។
១៩៦៨- ចក្រភពអង់គ្លេស ប្រកាសដកកងកម្លាំងយោធារបស់ខ្លួន យ៉ាងពិតប្រាកដចេញពីទីក្រុងធំទាំង៧នៅឆ្នាំ១៩៧១។
១៩៧១- អេមីរ៉ាត់អារ៉ាប់រួម ចូលរួមជាមួយសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រជាជាតិ។
១៩៨១- អេមីរ៉ាត់អារ៉ាប់រួម ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
២០០៦- ការបោះឆ្នោតជាតិ លើកដំបូង។
២០១៥- អេមីរ៉ាត់អារ៉ាប់រួម ចូលរួមវាយប្រហារតាមអាកាស ដឹកនាំដោយអារ៉ាប៊ីសាអូឌីត លើក្រុមហ៊ូទី នៅយេម៉ែន។
២០២ - អេមីរ៉ាត់អារ៉ាប់រួម បង្កើតទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អ៉ីស្រាអែល-អេមីរ៉ាត់អារ៉ាប់រួម-បារ៉ែន។
២០២១- អេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី៥ លើពិភពលោក និងជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានបញ្ជូនយានទៅដល់ភពព្រះអង្គារ៍៕