(ដូហា)៖ ស្ថិតនៅលើឆ្នេរប៉ែកខាងលិចនៃឈូងសមុទ្រពែក្ស ប្រទេសកាតា បានប្រើប្រាស់ប្រាក់ចំណូលមកពីទុនបម្រុង នៃវិស័យឧស្ម័នដ៏ធំរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចមហិច្ឆិតាគោលដៅរបស់តំបន់ និងពិភពលោក រួមទាំងការធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ២០២២ ធ្វើឱ្យកាតាក្លាយជាប្រទេសអារ៉ាប់ និងមានប្រជាជនកាន់សាសនាឥស្លាមដំបូងគេ ដែលបានធ្វើដូច្នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាបូដាប៊ី)។
* ផ្ទៃដី និងប្រជាជន
កាតា មានផ្ទៃដី ១១,៥៨១គីឡូម៉ែត្រក្រឡា និងប្រជាជនសរុបចំនួន ២.៧លាននាក់ និយាយភាសាអារ៉ាប់។ រដ្ឋធានី ដូហា (Doha) គឺមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេស និងស្ថិតនៅលើឆ្នេរប៉ែកខាងកើត ហើយមានប្រជាជនរស់នៅច្រើនជាងគេ គឺចំនួន ១.១៨៦លាននាក់។ អាយុសង្ឈឹមរស់សម្រាប់ស្រ្តី គឺ ៨២ឆ្នាំ រីឯបុរស ៧៩ឆ្នាំ។
* មេដឹកនាំ
ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani បានមកដឹកនាំប្រទេសកាតា បន្តពីបិតារបស់ទ្រង់ កាលពីខែមិថុនា ឆ្នាំ២០២៣។ ដូចបិតារបស់ទ្រង់ដែរ ព្រះអង្គម្ចាស់ Sheikh Tamim ទទួលបានការអប់រំ ពីចក្រភពអង់គ្លេស។ ព្រះអង្គ បានទៅសិក្សានៅសាលា Sherborne, Dorset និង Sandhurst ដែលសុទ្ធសឹងតែជាសាលាយោធារបស់អង់គ្លេស។ ព្រះអង្គម្ចាស់ Sheikh Tamim បានយកការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាតិ ជាទិសដៅអាទិភាពមួយ។ ព្រះអង្គបានលើកកម្ពស់វិស័យកីឡា ដែលជាផ្នែកមួយនៃការប្រកួតប្រជែងរបស់កាតា ក្នុងការលើកកម្ពស់មុខមាត់ប្រទេស នៅលើឆាកអន្តរជាតិ។
* វិស័យប្រព័ន្ធផ្សព្វផ្សាយ ជួយឱ្យគេស្គាល់កាតា
Al-Jazeera ដែលជាទូរទស្សន៍ដ៏មានឥទ្ធិពលក្នុងបណ្តុំប្រទេសអារ៉ាប់ និងផ្សាយជាលក្ខណៈអន្តរជាតិ គ្រប់គ្រងដោយរដ្ឋាភិបាល បានជួយឱ្យវិស័យផ្សព្វផ្សាយរបស់កាតា លេចមុខលេខមាត់។ កាតា បានវិនិយោគយ៉ាងច្រើនក្នុងវិស័យនេះ ជាពិសេសទូរទស្សន៍ Al Jazeera តែម្តង ដោយបង្កើតឡើងនៅឆ្នាំ១៩៩៦។
* ខាងក្រោមនេះ គឺជាពេលវេលាប្រវត្តិសាស្រ្ត ដែលកាតាសម្រេចបាននូវសមិទ្ធផលសំខាន់ៗ
១៨២៥- រាជវង្ស Al-Thani បង្កើតការគ្រប់គ្រងលើប្រទេសកាតា ដោយព្យាយាមបង្កើតឯករាជ្យពីប្រទេសបារ៉ែន។
១៨៧១- រាជ្យវង្ស Al-Thani ចុះចូលនឹងភាពត្រួតត្រារបស់ស្តេចអូតូម៉ង់។
១៩១៣- ស្តេចអូតូម៉ង់ យល់ព្រមនឹងសំណើរបស់អង់គ្លេស ដើម្បីដកកងទ័ពចេញពីកាតា។
១៩១៦- មានការចុះកិច្ចព្រមព្រៀង គ្រប់គ្រងកិច្ចការខាងក្រៅរបស់កាតា ក្រោមការត្រួតពិនិត្យរបស់អង់គ្លេស ជាថ្នូរនឹងការធានាដើម្បីការការពារខ្លួន។
១៩៣៩- ប្រេងបម្រុងត្រូវបានរកឃើញ។ ការរុករកត្រូវពន្យារពេល ដោយសារតែសង្រ្គាមលោកលើកទីពីរ ប៉ុន្តែប្រេង បានចូលមកជំនួសឱ្យការរកគុជ និងការនេសាទត្រី ដែលជាប្រភពចំណូលសំខាន់សម្រាប់កាតា។
១៩៥០- ប្រាក់ចំណូលពីប្រេងផ្តល់មូលនិធិដល់ការពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រទេសកាតា។
១៩៧១- កាតា ទទួលបានឯករាជ្យពេញលេញពីចក្រភពអង់គ្លេស។
១៩៧២- ព្រះអង្គម្ចាស់ Khalifa bin Hamad Al Thani ឡើងកាន់អំណាចក្នុងរដ្ឋប្រហាររាជវាំង បន្ទាប់ពីមានការប៉ះទង្គិចគ្នា ក្នុងគ្រួសារកាន់អំណាច។
១៩៩០- បន្ទាប់ពីអ៉ីរ៉ាក់ឈ្លានពានគុយវ៉ែត កាតាអនុញ្ញាតឱ្យកងកម្លាំងបរទេស ឈរជើងនៅលើដីរបស់ខ្លួន។ ក្រោយមក កងទ័ពកាតាបានចូលរួមក្នុងការរំដោះប្រទេសគុយវ៉ែត។
១៩៩៥- ព្រះអង្គម្ចាស់ Sheikh Khalifa ត្រូវបានទម្លាក់ដោយបុត្ររបស់ទ្រង់ ឈ្មោះ Hamad នៅក្នុងរដ្ឋប្រហារមិនបង្ហូរឈាម។
១៩៩៦- កាតា បង្កើតបានទូរទស្សន៍អន្តរជាតិ Al-Jazeera ដែលនាំឱ្យមានការផ្លាស់ប្តូរមុខមាត់ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់។
១៩៩៦- មូលដ្ឋានទ័ពអាមេរិកនៅកាតា ត្រូវបានបង្កើតឡើង សម្រាប់បម្រើឱ្យយុទ្ធនាការយោធា ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់។
២០០៥- រដ្ឋធម្មនុញ្ញជាលាយលក្ខណ៍អក្សរលើកដំបូងចូលជាធរមាន ដែលផ្តល់នូវការកែទម្រង់មួយចំនួន នៃលទ្ធិប្រជាធិបតេយ្យកាតា៕