(ភ្នំពេញ)៖ «ម៉ោងប៉ុន្មាន? បងខ្លា!»។ «ម៉ោង៣!» ជាសម្លេងឆ្លើយតបរបស់អ្នកដែលគេសន្មតថា ជាតួអង្គសត្វខ្លា។ ឮសម្លេងនេះ នរណាក៏សន្និដ្ឋានដែរថា ជាការឆ្លើយឆ្លងរវាងកុមារ និងកុមារ នៅក្នុងការប្រឡែងលេងជាមួយគ្នា។ ហើយបើគ្រាន់តែឃើញភ្លាមៗ គេបា្រកដជាឆ្ងល់ថែមទៀត និងអស់សំណើចផងក៏ថាបាន កាលបើឃើញគេឃើញថា ជាមនុស្សចាស់នាំគ្នាលេងល្បែង និងធ្វើកាយវិការ អាកប្បកិរិយា ដូចជាកូនក្មេងទៅវិញ។ ក៏ប៉ុន្តែបើគេមើលយូរបន្តិច ទើបដឹងថា ទាំងនោះគឺជាការសម្តែងរបស់លោកគ្រូ អ្នកគ្រូ អំពីការលេងល្បែងសិក្សាផ្សេងៗ តាមការណែនាំនៅក្នុងសៀវភៅ និងក្រោមការសម្របសម្រួលរបស់ប្រធានអង្គការសាលារៀនទន្សាយ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូយល់ច្បាស់អំពីល្បែងនិមួយៗ និងធានាបានថា ពេលត្រឡប់ទៅសាលារៀងៗខ្លួនវិញ ពួកគាត់នឹងអាចដឹកនាំកុមារលេងបាន ប្រកបដោយប្រសិទ្ធភាព។ «ការសិក្សាមានឬសគល់ល្វីងចត់ តែមានផ្លែផ្អែមល្ហែម!»។
សម្រាប់កុមារតូច ការសិក្សាកាន់តែល្វីងចត់ណាស់ទៅទៀត ក៏ព្រោះតែកុមារនៅមិនទាន់យល់ពីសារសំខាន់នៃការសិក្សា ហើយតែងតែចូលចិត្តលេង ច្រើនជាងរៀន។ អាស្រ័យហេតុនេះ ទើបអ្នកជំនាញរកឃើញថា ការបង្រៀន ជាពិសេសកុមារតូច ដោយភ្ជាប់ជាមួយនឹងការលេងកំសាន្តកាន់តែច្រើន កាន់តែប្រសើរ ព្រោះថាបើមិនដូច្នេះទេ កុមារអាចនឹងធុញទ្រាន់ ហើយមិនចង់រៀនក៏ថាបាន។ ដោយឈរលើគោលការណ៍នេះហើយ ទើបកម្មវិធីរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា សម្របសម្រួលដោយអង្គការអែដ អេ អាក់ស្យុង រួមជាមួយនឹងសាលារៀនទន្សាយ ដែលជាអង្គការមួយជំនាញខាងការអប់រំកុមារពិការ និងកុមារតូច ព្រមទាំងអ្នកជំនាញមកពីបរទេសផង បានរៀបចំចងក្រងជាសៀវភៅមួយក្បាលក្រោមចំណងជើង៖ «ល្បែងសិក្សា សម្រាប់កុមារ» មានកម្រាស់ប្រមាណជាង៧០ទំព័រ និងនៅក្នុងនោះ មានការណែនាំអំពីល្បែងសិក្សាចំនូនប្រមាណជាង៥០ល្បែងផ្សេងៗគ្នា សម្រាប់ឲ្យកុមារឲ្យលេងផង និងរៀនផងនូវលេខ អក្សរ និងចំណេះដឹងផ្សេងៗទៀត។ ល្បែងសិក្សាត្រូវបានបង្កើតឡើង ក្នុងគោលបំណងទាក់ទាញអារម្មណ៍កុមារតូចឲ្យចង់រៀនផង និងអភិវឌ្ឍន៍បំណិនរបស់ខ្លួនជាលំដាប់ៗផង។ ដើម្បីឲ្យយល់ពីល្បែងទាំងនោះ និងក្នុងន័យហាត់រៀនដឹកនាំកុមារលេងល្បែងទាំងនោះផង កម្មវិធីរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាស បានបើកវគ្គបណ្តុះបណ្តាលមួយកាលពីសបា្តហ៍កន្លងមក នៅរាជធានីភ្នំពេញ ដោយមានលោកគ្រូ អ្នកគ្រូកម្រឹតមតេ្តយ្យសិក្សា និងបឋមសិក្សាប្រមាណជាង៣០នាក់ដែលកំពុងបង្រៀនកុមារជនជាតិភាគតិច កុមារពិការ និងកុមារងាយរងគ្រោះជាដើម មកពីបណ្តាខេត្តនានា ចូលរួមរយៈពេល២ថ្ងៃ។
លោក វង្ស វុទ្ធី ប្រធានកម្មវិធីរបស់អង្គការសាលារៀនទន្សាយ ដែលជាអ្នកចូលរួមផលិតសៀវភៅ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលមួយនេះ និយាយថាការដែលសាលាទន្សាយ និងអង្គការអែដ អេ អាក់ស្យុងផ្តួចផ្តើមចងក្រងជាសៀវភៅ និងបើកវគ្គបណ្តុះបណ្តាលនេះឡើង ដែលជាផ្នែកមួយនៃគម្រោងគម្រោងរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសសិក្សា គឺក្នុងគោលបំណងឲ្យលោកគ្រូអ្នកគ្រូ ដែលមានតួនាទីបង្ហាត់បង្រៀនកុមារតូច មានមូលដ្ឋានកាន់តែច្បាស់លាស់ក្នុងការបង្ហាត់បង្រៀន។ «លោកគ្រូ អ្នកគ្រូមានការភ្ញាក់ផ្អើល នៅពេលដែលទទួលបានការណែនាំ និងពន្យល់អំពីផលប្រយោជន៍ សារសំខាន់ និងលក្ខណៈបច្ចេកទេសនៃការលេងល្បែងទាំងនោះទាក់ទងទៅនឹងការសិក្សារបស់កុមារតូច។ ពួកគាត់ចាប់អារម្មណ៍មែនទែន» លោក វុទ្ធី និយាយ។
ថ្វីបើមានល្បែងខ្លះ ក្នុងចំណោមល្បែងទាំងនោះត្រូវបានគេដឹង និងស្គាល់រួចស្រាប់ហើយក្តីនៅក្នុងសង្គម ក៏ប៉ុន្តែការណែនាំឲ្យយល់បន្ថែមអំពីអត្ថន័យ គោលបំណង និងលក្ខណៈបច្ចេកទេសនៃល្បែងទាំងនោះចំពោះការអភិវឌ្ឍបំណិនរបស់កុមារតូច នៅតែជាគន្លឹះសំខាន់សម្រាប់លោកគ្រូ អ្នកគ្រូ ដែលត្រូវស្វែងយល់អំពីវគ្គសិក្សានេះ។ អ្នកគ្រូ សៅ គឹមលាវ មកពីខេត្តរតនគីរី មានប្រសាសន៍ថាអ្នកគ្រូធ្លាប់ដឹងនិងស្គាល់ល្បែងទាំងនោះខ្លះដែរ ប៉ុន្តែមិនបានដឹងថាវាអាចជាប្រយោជន៍ដល់កុមារដូចម្តេចទេ ពោលគ្រាន់តែដឹងថាជាការកំសាន្តសម្រាប់កុមារប៉ុណ្ណោះ។
«ខ្ញុំយល់ថាជាការល្អណាស់ ព្រោះថា៖ ដោយយល់ពីផលប្រយោជន៍របស់វា និងពីបច្ចេកទេសបន្ថែមក្នុងការដឹកនាំកុមារឲ្យលេងផង និងរៀនផងព្រមគ្នា វានឹងជួយឲ្យកុមារកាន់តែសប្បាយចង់លេង និងកាន់តែមានការវិវឌ្ឍន៍ រីកចម្រើនទាំងផ្លូវកាយ និងផ្លូវបញ្ញា។ ដូច្នេះ កុមារក៏កាន់តែចូលចិត្តសាលារៀនផងដែរ» អ្នកគ្រូ គឹមលាវ មានប្រសាសន៍ក្រោយពេលបញ្ចប់វគ្គ។
សូមបញ្ជាក់ថាក្នុងដំណាក់កាលដំបូង អង្គការអែដ អេ អាក់ស្យុង នឹងបោះពុម្ពសៀវភៅនេះ សម្រាប់តែការផ្សព្វផ្សព្វផ្សាយនិងប្រើបា្រស់នៅក្នុងចំណោមអ្នកអនុវត្តកម្មវិធី ប៉ុណ្ណោះ។ ក្រោយពេលប្រើបា្រស់ និងទទួលបានមតិយោបល់ ហើយនឹងលំអបន្ថែមរួចហើយ អង្គការអែដ អេ អាក់ស្យុង នឹងបោះពុម្ពផ្សព្វផ្សាយឲ្យបានទូលំទូលាយថែមទៀត។
កម្មវិធីរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសសិក្សា គឺជាគម្រោងធំមួយអនុវត្តរួមគ្នាដោយបណ្តាអង្គការជាតិ និងអន្តរជាតិចំនួន២០អង្គការ និងទទួលបានថវិកាគាំទ្រពីកម្មវិធីអប់រំកុមារនៃប្រទេសកាតារ Educate A Child ក្នុងគោលដៅផ្តល់ឱកាសអប់រំដល់កុមារជិត៦ម៉ឺននាក់ រយៈពេល៣ឆ្នាំ នៅកម្ពុជា ក៏នៅក្នុងគោលដៅគាំទ្របន្ថែមដល់ការផ្តល់ឱកាសដល់កុមារនៅសហគមន៍ឲ្យបានចូលរៀនជាប់លាប់ និងប្រកបដោយគុណភាពនេះដែរ អង្គការអែដ អេ អាក់ស្យុង កំពុងដំណើរការសាងសង់សាលាខ្នាតអន្តរជាតិមួយទៀត នៅតាមដងវិថីទេព ផង តំបន់សំណង់១២ រាជធានីភ្នំពេញ ដែលនឹងរួចរាល់ និងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០១៦នេះ។
សាលាអន្តរជាតិអាយលីដ iLEAD International School ត្រូវបានបង្កើតឡើងក្នុងលក្ខណៈជាសហគ្រាសសង្គម ពោលគឺចំណូលដែលបានមក នឹងត្រូវយកទៅទ្រទ្រង់សាលា នៅតាមតំបន់ជនបទ។ បច្ចុប្បន្ន សាលា iLEAD International School ដែលមានទីតាំងនៅជិតផ្សារពោធិចិនតុង ទល់មុខសួនកុមារ បាននិងកំពុងជួយទ្រទ្រង់់ដល់សាលាមត្តេយ្យចំនួនប្រមាណជា៤០ នៅតាមបណ្តាខេត្ត៕