(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានលេចត្រដែតឡើង តាមរយៈកិត្យានុភាពរបស់ខ្លួន ក្នុងនាមជាអ្នកថែរក្សាទីកំណើតសាសនាឥស្លាម និងឋានៈជាអ្នកផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក។ សារៈសំខាន់ ក្នុងនាមជាអ្នកនាំចេញប្រេង ក៏បានធ្វើឱ្យអារ៉ាប៊ីសាអូឌីត ពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ជាមួយប្រទេសលោកខាងលិចផងដែរ ខណៈលោកខាងលិចជាកន្លែង ដែលមានតម្រូវការប្រើប្រាស់ដ៏សម្បើម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាបូដាប៊ី)។
ស្វែងយល់ពីប្រវត្តិរូបសង្ខេបរបស់ អារ៉ាប៊ីសាអូឌីត ទីដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច៖
* ផ្ទៃដី និងប្រជាជន
អារ៉ាប៊ីសាអូឌីត មានផ្ទៃដី ២.១៤៩.៦៩០គីឡូម៉ែត្រក្រឡា និងមានប្រជាជនចំនួន ៣៨.៤លាននាក់។ អារ៉ាប់ប៊ីសាអូឌីត ប្រើប្រាស់ភាសាអារ៉ាប់ជាភាសាផ្លូវការ។ អាយុសង្ឃឹមរស់សម្រាប់បុរសគឺ ៧៤ឆ្នាំ រីឯស្រ្តី ៧៦ឆ្នាំ។ រដ្ឋធានី រីយ៉ាដ (Riyadh)។
* មេដឹកនាំ
រាជវង្ស Al Saud កាន់កាប់អំណាចនយោបាយបន្តជំនាន់។ ព្រះអង្គម្ចាស់ King Salman bin Abdulaziz al-Saud ឡើងសោយរាជ្យ នៅខែមករា ឆ្នាំ២០១៥ បន្ទាប់ពីការសោយទីវង្គតរបស់បងប្រុសម្ដាយទីទៃរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Abdullah។ ព្រះអង្គបានបន្តអំណាចដឹកនាំរាប់ទសវត្សរ៍នៃរាជវង្ស Al Saud ហើយជំរុញគោលនយោបាយយុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត ពោលគឺការរក្សាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងធ្វើការឆ្ពោះទៅរកស្ថិរភាពទីផ្សារថាមពល។ ព្រះអង្គម្ចាស់ Salman តែងតាំងបុត្ររបស់ទ្រង់ គឺព្រះអង្គម្ចាស់ Mohammed bin Salman ជារជ្ជទាយាទ នៅខែមិថុនា ឆ្នាំ២០១៧ ហើយឥលូវនេះទ្រង់កំពុងគ្រប់គ្រង អំណាចសំខាន់ៗទាំងអស់។
* ខាងក្រោមនេះ គឺជាពេលវេលាចងចាំជាប្រវត្តិសាស្រ្ត របស់អារ៉ាប៊ីសាអូឌីត
១៧២៧- ព្រះអង្គម្ចាស់ Muhammad bin Saud ស្ថាបនិកនៃរាជវង្សអារ៉ាប៊ីសាអូឌីត បានចូលរួមជាមួយមេដឹកនាំសាសនា Muhammad ibn Abd al-Wahhab ស្ថាបនិកនៃចលនា Wahhabi ដែលជាទម្រង់បរិសុទ្ធដ៏តឹងរ៉ឹ នៃសាសនាឥស្លាមនិកាយស៊ុននី។
១៩៣១- ព្រះរាជាណាចក្រ Hejaz និង Sultanate of Nejd ជាទីដែលគ្រប់គ្រងដោយអតីតសេ្តច Abdulaziz bin Abdul Rahman Al Saud ត្រូវបានបង្រួបបង្រួមក្រោមឈ្មោះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកទល់នឹងសព្វថ្ងៃ។
១៩៣៨- ប្រេងត្រូវបានរកឃើញ ហើយការផលិតចាប់ផ្តើម នៅក្រោមក្រុមហ៊ុនប្រេងអារ៉ាប៊ីនអាមេរិក (Aramco) គ្រប់គ្រងដោយសហរដ្ឋអាមេរិក។
១៩៦០- អារ៉ាប៊ីសាអូឌីត គឺជាសមាជិកស្ថាបនិកអង្គការនៃប្រទេសនាំចេញប្រេង (OPEC)។
១៩៧២- អារ៉ាប៊ីសាអូឌីត ទទួលបានការគ្រប់គ្រង ២០ភាគរយនៃក្រុមហ៊ុន Aramco ជាការកាត់បន្ថយការគ្រប់គ្រង របស់សហរដ្ឋអាមេរិក លើប្រេងអារ៉ាប៊ីសាអូឌីត។
១៩៧៣- អារ៉ាប៊ីសាអូឌីត ដឹកនាំការធ្វើពហិការប្រេងប្រឆាំងលោកខាងលិច ដែលគាំទ្រអ៉ីស្រាអែល ក្នុងសង្គ្រាម Yom Kippur ខែតុលា ជាមួយអេហ្ស៉ីប និងស៉ីរី។ កាលណោះតម្លៃប្រេងកើនឡើងបួនដង។
១៩៧៩- ក្រុមជ្រុលនិយម ដណ្តើមគ្រប់គ្រងវិហារឥស្លាម Grand Mosque ក្នុងខេត្ត Mecca។ ១០ថ្ងៃក្រោយមក រដ្ឋាភិបាលយកបានមកវិញ ហើយអ្នកដែលត្រូវចាប់ខ្លួនត្រូវបានគេប្រហារជីវិត។
១៩៨០- អារ៉ាប៊ីសាអូឌីត គ្រប់គ្រងក្រុមហ៊ុនប្រេង Aramco របស់សហរដ្ឋអាមេរិក បានទាំងស្រុង។
១៩៨១- អារ៉ាប៊ីសាអូឌីត ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។
១៩៩០- អារ៉ាប៊ីសាអូឌីត ថ្កោលទោសការឈ្លានពានរបស់អ៉ីរ៉ាក់ លើគុយវ៉ែត ហើយសុំឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍។
១៩៩១- អារ៉ាប៊ីសាអូឌីត បានចូលក្នុងការវាយប្រហារតាមអាកាសលើអ៉ីរ៉ាក់ និងប្រើកងទ័ពជើងគោក ចូលរំដោះប្រទេសគុយវ៉ែត។
២០០១- ចោរប្លន់ ១៥នាក់ក្នុងចំណោម ១៩នាក់ ដែលចូលរួមក្នុងការវាយប្រហារ ព្រឹត្តិការណ៍ ១១ កញ្ញា ២០០១ លើទីក្រុងញូវយ៉ក និងវ៉ាស៉ីនតោន គឺជាជនជាតិអារ៉ាប៊ីសាអូឌីត។
២០០៥- អង្គការពាណិជ្ជកម្មពិភពលោក ផ្តល់ភ្លើងខៀវដល់សមាជិកភាពរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ១២ឆ្នាំ។
២០១០- មន្ត្រីអាមេរិក បញ្ជាក់ផែនការលក់អាវុធតម្លៃ ៦០ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលជាកិច្ចព្រមព្រៀងអាវុធតែមួយដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។
២០១២- អត្តពលិកស្ត្រីអារ៉ាប៊ីសាអូឌីត ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាអូឡាំពិក លើកដំបូង។
២០១៤- អារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ចំនួន ៤ផ្សេងទៀត ចូលរួមជាមួយសហរដ្ឋអាមេរិក វាយប្រហារតាមអាកាសប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៉ីរី។
២០១៥- អារ៉ាប៊ីសាអូឌីត បើកយុទ្ធនាការវាយប្រហារតាមអាកាស ប្រឆាំងក្រុមហ៊ូទី នៅយេម៉ែន។
២០១៧- ការហាមប្រាមស្ត្រីពីការបើកបរត្រូវបានដកចេញ។
២០១៨- រោងកុនសាធារណៈបើកដំណើរការឡើងវិញជិត៤០ឆ្នាំ បន្ទាប់ពីមានហាមឃាត់ផ្នែកសាសនា៕