(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានមានព្រះបន្ទូលកោតសរសើរចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំកំពូល នៃព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ និងគ្រប់ទិសទី។
ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ «ក្រោមការដឹកនាំដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដោយមិនគិតការនឿយហត់ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជាយើងនាបច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យ និងគ្រប់ទិសទី ទាំងរាជធានី ខេត្ត ក្រុង ស្រុក ទាំងនៅតាមភូមិ ឃុំ និគម ជនបទដាច់ស្រយាល»។
ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលបែបនេះ តាមរយៈព្រះរាជសុន្ទរកថាមួយ ក្នុងពិធីបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នៅក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះបន្ទូលថា ប៉ុស្តិ៍សុខភាពនេះពិតមែនតែមានទំហំតូច ប៉ុន្តែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកការងារ វិស័យសុខាភិបាលបានមួយកម្រិត ដែលប្រជារាស្ត្រយើងអាចមកព្យាបាល និងពិគ្រោះជំងឺបានជា រៀងរាល់ថ្ងៃ។ បើមានជំងឺធ្ងន់ធ្ងរ លោកគ្រូពេទ្យអាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានី ឬមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យធំៗដទៃទៀត ដែលអាចធ្វើឱ្យសុខុមាលភាព និងជីវភាពប្រជារាស្ត្រ យើង បានធូរស្រាលថែមមួយកម្រិតទៀត និងជួយសម្រាលបន្ទុករបស់រដ្ឋផង។
ព្រះអង្គសូមអបអរសាទរព្រះរាជពិធីសម្ពោធ ប៉ុស្តិ៍សុខភាពនេះ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងសូមប្រសិទ្ធពរឱ្យមានដំណើរការក្នុងការបំពេញព្រះសេវា-សេវា ប្រកបដោយជោគជ័យ និង ទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ និងសប្បុរសជននានា ដើម្បីរួម ចំណែកថែរក្សា ព្យាបាលសុខភាពប្រគេនព្រះសង្ឃ ជូននិស្សិត និងបងប្អូនប្រជាពលរដ្ឋយើង។
ព្រះអង្គ សូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចមហារដ្ឋសភា ធិការធិបតី សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្តបរទេស និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបានប្រកបតែនឹងសុភមង្គល សុខភាពល្អបរិបូរណ៍ អាយុយឺនយូរជាដរាប៕