(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសហការី អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខក្រុមអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ដែលរងគ្រោះដោយអគ្គិភ័យ ហើយទទួលបានដណោះស្រាយដ៏ល្អឥតខ្ចោះពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានបញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យក្រុមអាជីវករមានសិទ្ធិកាន់កាប់មួយជីវិត។

ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។

ប្រធានក្រុមការងារ បានថ្លែងបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារសាងសង់ពន្លឿនការជួសជុល សាងសង់ផ្សារបឹងឈូកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីប្រគល់ជូនបងប្អូនចូលលក់ដូរវិញបានឆាប់រហ័ស។

លោកបានកោតសរសើរលោក សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់ តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីប្រមុខរាជរដ្ឋាភិបាលយើង។

អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជីវករផ្សារបឹងឈូក ដែលលក់ដូរជុំវិញផ្សារឆេះកន្លងមក ត្រូវផ្អាកការលក់ដូរមួយរយៈសិនចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះតទៅ ដើម្បីទុកឲ្យក្រុមការងារសាងសង់នឹងពន្លឿនការវាយ ប្លង់សេ និងជញ្ជាំងដែលខូចខាត ដោយយកកម្ទេចកម្ទីចេញឱ្យបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរបានវិញដោយសុវត្ថិភាព និងបានយូរអង្វែងផង។

សូមជម្រាបថា ក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះ សម្ដេចបានប្រកាសអនុញ្ញាតឱ្យរៀបចំជួសជុល សាងសង់តូបដែលឆេះឡើងវិញ ដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដូចដើមដដែល និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅដោយមិនមានបង់ថ្លៃតូបទៀតនោះទេ៕