(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើស្ថានទូតចិន បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ក៏ដូចជា វប្បធម៌ អរិយធម៌ និងប្រពៃណីទៅដល់ប្រជាជនចិន ជាពិសេសជំរុញឱ្យមានជើងហោះហើរត្រង់ពីចិនមកកម្ពុជា រួមជាមួយការពង្រីកកិច្ចសហការស៊ីជម្រៅរវាងកម្ពុជា-ចិនផងដែរ។
ការស្នើយ៉ាងដូច្នេះរបស់លោក ហួត ហាក់ នៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរអឺរ៉ា ខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីលោក វ៉ាង វិនពិន (Wang WenBin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ និងលោក លោកស្រី ជាឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធ រួមមានប្រតិភូអ្នកទិញ-អ្នកលក់មកពីប្រទេសចិន ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន និងភ្ញៀវជាតិ-អន្តរជាតិ សិស្ស-និស្សិតប្រមាណជា៨០០នាក់ និងមានស្តង់ចំនួន១០០ចូលរួមផងដែរ។
លោកបានបន្តថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ រៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នាដើមឆ្នាំ២០២៥ នៅខេត្តហឺណាន ប្រទេសចិន។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់គោលការណ៍ឯកភាពបឋមក្នុងការកំណត់យកឆ្នាំ «២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដើម្បីបន្តជំរុញកិច្ចិសហប្រតិបត្តិការ និងលំហូរទេសចរណ៍ប្រទេសទាំងពីរ។
លោកបន្ថែមថា ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន នៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អរិយធម៌ និងប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសការបង្ហាញពីសក្តានុពល ទេសចរណ៍ដ៏សម្បូរបែប ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់ប្រតិបត្តិករទេសចរណ៍កម្ពុជា និងចិន ឱ្យកាន់តែទូលំទូលាយ ពិសេសការភ្ជាប់ទំនាក់ទំនង (Business Networking) រវាងវិស័យឯកជន ក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
លោក ហួត ហាក់ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ដែលនឹងរួមចំណែកជំរុញលំហូរភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀតរវាងកម្ពុជា-ចិន។
លោក វ៉ាង វីនពីន លើកឡើងថា ចិន និងកម្ពុជា ជាប្រទេសជិតខាង និងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ និងត្រូវបានពង្រីក និងពង្រឹងរហូតមកដល់បច្ចុប្បន្ន។ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិកាណ៍ ឯកឧត្តមក៏កោតសរសើរ និងអរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកូវីដ១៩ កំពុងផ្ទុះឡើង ដែលគ្មានប្រទេសណាទាំងអស់បានទៅទីនោះ។
លោកបន្តថា ការនេះពិតជាសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីទឹកចិត្តជាមិត្តដ៏ពិតប្រាកដគ្រប់កាលៈទេសៈ និងឥតងារករេ។ ក្នុងខែធ្នូនេះ សម្តេចតេជោ ក៏បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រុងជ្រោយ ជាពិសេសកិច្ចសហប្រតិបត្តិការណ៍ត្បូងពេជ្យ ដែលមានកំណើតតាំងពីឆ្នាំ២០២៣មក។
លោក ង៉ូវ សេងកាក់ លើកឡើងដែរថា តាមរយៈនយោបាយឈ្នះរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាមានសន្តិភាព សុវត្ថិភាព និងស្ថិរភាព នយោបាយពេញលេញ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានធ្វើឱ្យខេត្តសៀមរាបមានលទ្ធភាពបង្កើតចំណងមេត្រីភាពជាមួយខេត្តក្រុងនៅប្រទេសចិនបានចំនួន ៣០។
លោកបន្តថា ចំណងមេត្រីភាពនេះ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍខេត្តសៀមរាប តាមរយៈសមិទ្ធិផលមួយចំនួនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងវិនិយោគ ជាពិសេសអាកសាយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដ៏មានសក្តានុពល និងជាខឿនសេដ្ឋកិច្ចដ៏សំខាន់។
លោកបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ពិតជាមានសារៈសំខាន់ណាស់ក្នុងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន ក្លាយជាយន្តការ និងសក្ខីភាពសម្រាប់ប្រតិភូមកពីខេត្តក្រុងសម្ព័ន្ធមេត្រីទាំងអស់ ឆ្លុះបញ្ចាំងពីសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ទើបខេត្តសៀមរាបទទួលបានទេសចរយ៉ាងច្រើន ជាពិសេសជនជាតិចិន៕