(កំពង់ឆ្នាំង)៖ ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ ត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង បួរ ស្ទឹង និងព្រែកនានា ចូលទន្លេសាបទន្លេមេគង្គ ទន្លេបាសាក់ ដែលជាការអំណោយផលដល់ការធ្វើនេសាទ បានត្រីច្រើន។ ហេតុនេះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលមានបំណងចង់មកទិញត្រីយកទៅធ្វើប្រហុក ផ្អក ត្រីឆ្អើរ ទឹកត្រី ដើម្បីទុកផ្គត់ផ្គង់ក្នុងគ្រួសារ និងតុសម្រាប់ការ ទទួលទានមានរយៈពេលយូរ សូមអញ្ជើញរួសរាន់មកទិញត្រីនៅជួរមាត់ទន្លេ និងនៅតាមបណ្ដាភូមិសាស្ត្រផ្សេងៗក្នុងខេត្ត ឬក៏នៅជើងកំពង់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ជាដើម។

ខណ្ឌរដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីឱ្យបានសមស្របទៅតាមជាក់ស្ដែង។

ប្រជាពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូ ដែលមានមុខរបរនេសាទត្រី និងជាអ្នកទិញត្រីលក់ បានប្រាប់ឲ្យដឹងថា ត្រីឆ្នាំនេះចាប់ផ្ដើមចុះយ៉ាងគំហុកចាប់ពីខ្នើតទី១ ដែលខុសពីឆ្នាំមុនៗ។ កាលពីឆ្នាំមុនៗក្នុងខ្នើតទី១ ត្រីមិនសូវចុះច្រើននោះទេ រហូតដល់ខ្នើតទី២ និងខ្នើតទី៣ ទើបត្រីសម្រុកចុះខ្លាំង។

ដោយឡែកក្នុងឆ្នាំនេះត្រីគ្រប់ប្រភេទចាប់ផ្ដើមត្រូវតាំងពីថ្ងៃ៦ កើត នៃខ្នើតទី១ ទៅហើយ។ រីឯតម្លៃត្រីដែលត្រូវខ្លាំងក្នុងថ្ងៃទី១ និងទី២ ក្នុងខ្នើតទី១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ត្រីគ្រប់ប្រភេទមានតម្លៃដូចខាងក្រោម។

ប្រភេទត្រីឆ្កោក ត្រីមួយក្បាលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើងទៅ ក្នុងមួយគីឡូតម្លៃ ១៥,០០០រៀល (មុនត្រីត្រូវតម្លៃ ២៥,០០០រៀល ក្នុងមួយគីឡូ), ត្រីឆ្កោកមួយក្បាលទម្ងន់១គីឡូ តម្លៃ ១០,០០០រៀល, ត្រីឆ្កោកទម្ងន់០.៨គីឡូ មួយក្បាលតម្លៃ ៨,០០០រៀល ត្រីឆ្កោកទម្ងន់០.៥គីឡូ តម្លៃ៦,០០០រៀល។

ត្រីច្រកែងទំហំ៣ក្បាល១គីឡូ តម្លៃក្នុង១គីឡូ ៥,០០០រៀល, ត្រីរៀលប្រភេទត្រីឆ្អើរ តម្លៃមួយគីឡូ ២,០០០រៀល ត្រីចម្រុះប្រភេទ (ឆាកា) មួយគីឡូតម្លៃ ១,០០០រៀល ប្រភេទត្រីប្រហុកត្រីរៀល តម្លៃក្នុងមួយគីឡូ ១,២០ ០រៀល ប្រភេទត្រីនុយមួយគីឡូ តម្លៃ៥០០រៀល (ត្រីប្រភេទនេះមុនត្រីត្រូវតម្លៃពី១,៥០០ ទៅ ២,០០០រៀលក្នុងមួយគីឡូ)។ បើតាមការបញ្ជាក់របស់ប្រជានេសាទ និងពលរដ្ឋអ្នកទិញត្រីបានបញ្ជាក់ថា តម្លៃនេះនឹងនៅមានចុះជាបន្តបន្ទាប់ នៅក្នុងរដូវត្រីចុះទាំង៣ខ្នើតនេះផងដែរ។

ដោយឡែកនៅក្នុងរដូវត្រីចុះឆ្នាំនេះ បើតាមការបញ្ជាក់ពីប្រជានេសាទនៅស្រុកជលគីរី ដែលជាផ្នែកខាងក្រោម នៃផ្ទៃទឹកបឹងទន្លេសាប បានឲ្យដឹងដែរថា ពួកគាត់បានដាក់មងក្រឡាពី២ហ៊ុន ទៅ ២ហ៊ុនកន្លះ គឺដាក់យកត្រីប្រភេទត្រី (កន្តប្លុក) ឬត្រី (បន្ទោះភ្លុក) រីឯតម្លៃត្រីប្រភេទនេះនៅថ្ងៃទី៧ ខែធ្នូនេះ តម្លៃក្នុងមួយគីឡូ៤,០០០រៀល។

ពួកគាត់បានបញ្ជាក់ថា នៅតំបន់គាត់ក្នុងស្រុកជលគីរីនេះ ត្រីប្រភេទនេះត្រូវតែមួយខ្នើតក្រោយនេះទៀតទេ ចប់ខ្នើតនេះគាត់នឹងនាំគ្នាទៅរាយមងនៅឯតំប ន់ឆ្នុកទ្រូនោះវិញដែរ ព្រោះនៅខាងឆ្នុកទ្រូត្រី និងត្រូ វ២ខ្នើតទៀតទើបផុតរដូវត្រីចុះ៕