(សៀមរាប)៖ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិកានៃក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញគ្រូពេទ្យទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ និងពង្រឹង សមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ឱ្យបានល្អប្រសើរ។ ក្នុងនោះដែរ ក៏មិនត្រូវភ្លេចពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យផងដែរ។

ការជំរុញយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិគន្ធបុប្ផា លើកទី៩ នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការ ចូលរួមពីលោកសាស្ត្រាចារ្យ Philip Robinson ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ Michael Grotzer អនុប្រធានមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត, ថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើនចូលរួមផងដែរ។

លោកសាស្ត្រាចារ្យ បន្តថា សន្និសីទនៅថ្ងៃនេះ គឺជាការពង្រឹងនូវសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ពិសេសមន្ទីរពេទ្យផ្នែកកុមារ ដែលអាចផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗ ដែលទាក់ទងនឹងជំងឺកុមារ ដែលបង្ហាញ ដោយវេជ្ជបណ្ឌិតឯកទេសកុមារ ដែលមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសស្វីស។ លោកសាស្ត្រាចារ្យសង្ឃឹមថា តាមរយៈសន្និសីទនេះ លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីៗ និងទាន់សភាពការណ៍ផងដែរ។

សន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៩ នាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់ សម្រាប់ការជួបជុំ និងបង្ហាញនូវមេរៀនបទពិសោធន៍ អំពីបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងការថែទាំព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះដែលមានបញ្ហាមុន និងក្រោយសម្រាលដោយផ្តោតទៅលើប្រធានបទអំពី៖

*ជំងឺមហារីកកុមារដូចជា មហារីកគ្រាប់ឈាមស មហារីកខួរក្បាល មហារីកឆ្អឹង និងមហារីកដុំសាច់ផ្សេងៗទៀត
*ជំងឺគ្រុនឈាមធ្ងន់ធ្ងរ
*ជំងឺរលាកសសៃឈាម coronaire(Kawasaki’s disease)
*ការព្យាបាលជំងឺវះកាត់ដោយបច្ចេកទេស Laparoscopy, ការវះកាត់ជំងឺវៀចឆ្អឹងខ្នងពីកំណើត (Prise en charge de la scoliose chez l’enfan), ព្យាបាលប្រព័ន្ធទឹកមូត្រត្បៀត (Mini-invasive treatment of PUJ Obstruction), ព្យាយាមជំងឺដុំសសៃឈាម Lymphangioma, hemangioma ដោយមធ្យោបាយ Sclerotherapy.
*ការមើលថែទាំកុមារដែលមានផលវិបាកលើប្រព័ន្ធប្រសាទក្រោយពីជាសះស្បើយជំងឺ និងក្រោយគ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ Tumeurs Cérébrales.
*ការព្យាបាលកុមារដែលមានបញ្ហាផ្លូវចិត្ត (Child and Adolescent Psychiatry)
*ការផ្តល់អាហារដល់ទារកកើតមកមិនគ្រប់ខែតាមសសៃឈាម Parenteral Nutrition and UVC umbilical vein catheter
*ការថែទាំ និងសង្រ្គោះទារកក្នុងបន្ទប់សង្រ្គោះបន្ទាន់ (Post resuscitation care at NICU)
*ជំងឺស្វាយលើម្តាយ និងទារក
*វិធីសាស្រ្តក្នុងការកំណត់នូវភាពធ្ងន់ធ្ងរនៃ Placenta Accreta និងជំងឺធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាលនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ តាមរយៈបទបង្ហាញទាំងនេះ បានដកស្រង់ចេញពីការថែទាំព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងនៅមន្ទីរពេទ្យកុមារប្រទេសស្វីស បានធ្វើបង្ហាញនូវបច្ចុប្បន្នភាពនៃបច្ចេកទេសផ្នែកសល្យសាស្ត្រកុមារផងដែរ។

លោកសាស្ត្រាចារ្យ កត់សម្គាល់ថា លើអំពីទិវាវេជ្ជសាស្ត្រនៃសន្និសីទអន្តរជាតិនេះ ថ្ងៃនេះគឺជាខួប គម្រប់៣២ឆ្នាំនៃមន្ទីពេទ្យគន្ធបុប្ផាផងដែរ។ យើងចងចាំជានិច្ច លោកវេជ្ជបណ្ឌិត BEAT RICHNER (Beatocello) និងសហការីដ៏ជិតស្និទ្ធរបស់លោក គឺលោកវេជ្ជបណ្ឌិត PETER STUDER ដែលជាស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២។

លោកសាស្ត្រាចារ្យ បានបន្តថា ការខិតខំប្រឹងប្រែងដោយឥតនឿយហត់ និងការលះបង់ របស់អតីតស្ថាបនិកទាំងពីររូប រួមជាមួយមន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជំនាន់ និងការចូលរួម គាំទ្រយ៉ាងពេញទំហឹង ដោយឥតល័ក្ខខ័ណ្ឌ ទាំងផ្នែកស្មារតីនិងថវិកា អំពីក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ទាំងនៅប្រទេសស្វីស និងនៅកម្ពុជា ទើបមន្ទីរ ពេទ្យគន្ធបុប្ផាទាំងមូល សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទៅតាមដំណាក់កាលនីមួយៗ ជាបន្តបន្ទាប់។

លោកសាស្ត្រាចារ្យ បន្ថែមថា សន្និសីទវេជ្ជសាស្រ្តថ្ងៃនេះ គឺជាថ្ងៃគម្រប់៣២ឆ្នាំនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ យើងនៅចងចាំជានិច្ចនូវការលះបង់ដ៏ធំធេង ជួយសង្រ្គោះជីវិតកុមារកម្ពុជាកន្លងមក របស់លោកវេជ្ជបណ្ឌិត ប៊ីអាត រិចនើ និងសហការី ដែលជាស្ថាបនិមន្ទីរពេទ្យពីឆ្នាំ ១៩៩២។ ដោយមានការចូលរួមពីរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលប្រទេសស្វីស និងស្ថាបនិក គ្រូពេទ្យទាំងអស់ ធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានលទ្ធផលជាផ្លែផ្ការហូតដល់បច្ចុប្បន្ននេះ ដែលព្យាបាល និងសង្រ្គោះជីវិតកុមារកម្ពុជាច្រើនលាននាក់។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ផ្តើមពីមានគ្រែសម្រាកប្រមាណ៦០គ្រែ និងមានបុគ្គលិកមិនដល់១០០នាក់នោះទេ។ មកដល់សព្វថ្ងៃ មន្ទីរពេទ្យមាន៥ទីតាំង ដែលមានគ្រែសរុប ២ ២៦៥គ្រែ និងមានបុគ្គលិកសរុប ២ ៦៨១នាក់ ដែលកំពុងបម្រើការងារ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌៕