(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មានការបង្ហោះតាម Facebook ឈ្មោះ ស្រី តូច ថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវនៅភ្នំពេញជាអ្នកច្រូតស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ»។ ក្រៅពីការឆ្លើយបំភ្លឺតាម សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថែមទាំងបានបញ្ជាឲ្យក្រុមការងារចុះស្រាវជ្រាវបន្ថែមដល់ទីតាំងដី និងរកហេតុផលឲ្យបានច្បាស់លាស់ជូនភាគីពាក់ព័ន្ធ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីជំនាញក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តស្រុក ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ដល់ទីតាំងដីផ្ទាល់ដែលមានកើត មានជម្លោះរវាងឈ្មោះ សៅ ងិន និងឈ្មោះ ជា ណក់ តំណាងប្រជាពលរដ្ឋចំនួន៣ភូមិ ស្ថិតនៅភូមិក្រវៀក ភូមិក្បាលដំរី និងភូមិសំរោង ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាមួយឈ្មោះ នាង ហ៊ាប។

ពេលចុះទៅដល់ និងពិនិត្យជាក់ស្តែងលើទីតាំងដី, លោក សុខ សុទ្ធី បានឱ្យដឹងថា ដីទំហំ ២៥ហិកតាគឺស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយនៅក្នុងចំណោមផ្ទៃដីដែលមានជម្លោះនេះ គឺមានតែ ២ហិកតា ប៉ុណ្ណោះ ដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ការទិញលក់ និងការកាន់ដីរបស់រដ្ឋជាទំង្វើខុសច្បាប់»។ ក្រោយការពិនិត្យរួចរាល់នៅលើទីតាំងដីជាក់ស្តែង, លោក សុខ សុទ្ធី បានបន្តរៀបចំកិច្ចប្រជុំនៅសាលាស្រុកឱរ៉ាល់ ដើម្បីបញ្ជាន់ទីតាំងដី ដែលបានចង្អុលបង្ហាញ ធៀបជាមួយផែនទីដីដែលកំណត់តំបន់ការពារ។

ដោយឡែកក្រុមការងារលើកឡើងថា ករណីដីរបស់ឈ្មោះ សៅ ងិន កាន់កាប់ដី១កន្លែង ទីតាំងដីវិវាទស្ថិតនៅភូមិក្បាលដំរី មានទំហំសរុប ៥៩.៥២៨ម៉ែត្រការ៉េ ក្នុងនោះដីមានបណ្ណ២ក្បាលដី។ ករណីដីរបស់ឈ្មោះ ជា ណក់ ចង្អុលបង្ហាញដីកាន់កាប់មានចំនួន៤កន្លែង ទីតាំងដីវិវាទស្ថិតនៅភូមិសំរោងចំនួន១ទីតាំង និងភូមិក្បាលដំរីចំនួន៣ទីតាំង មានទំហំសរុប២៥២.៧២៣ម៉ែត្រការ៉េ មិនមានឯកសារបញ្ជាក់ដល់ក្រុមការងារ ពោលជាដីស្ថិតនៅក្នុងដីតំបន់ការពារ៕