(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក Robert Menzi, ប្រធានស្តីទី និងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅរាជធានីភ្នំពេញ។

លោក Robert Menzi, បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេល ២៥ឆ្នាំ រហូតមកដល់ពេលនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ការងារគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់អង្គការ WCS ដែលរយៈពេល២៥ឆ្នាំមកទល់ថ្ងៃនេះ បានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការបង្កើតគម្រោងអភិរក្សផ្អែកលើការអភិវឌ្ឍសហគមន៍ ដើម្បីការពារសត្វព្រៃ និងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី បានជំរុញឱ្យអង្គការ WCS ពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការឥណទានកាបូន នៅតាមតំបន់ការពារធម្មជាតិ ដែលក្នុងនោះនៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់សំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះ ការការពារ ទីជម្រកធម្មជាតិ និងការអភិវឌ្ឍសហគមន៍៕