(ត្បូងឃ្មុំ)៖ លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៩០នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងក្នុងមូលដ្ឋានថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក និងថ្នាក់ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, លោក កេង ប៊ុនណា ប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ, លោក លីម ប៊ុនណា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន, លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាច្រើនរូបទៀត ដោយមានការចូលរួម ពីអតីតសមាជិក-សមាជិកា ចំនួន៦៩០នាក់ មកពីគណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតបញ្ចូលសមាជិកគណបក្សប្រជាជន។
លោក កេង ប៊ុនណា បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះលោក យូ សិរីវុឌ្ឍ ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញសំណេះសំណាលជាមួយសមាជិក មកពីបណ្ដាគណបក្សនយោបាយនានាចូលរួមជីវភាព ជាមួយគណបក្ស ប្រជាជនកម្ពុជា។
លោកថា ព្រឹត្តិការណ៍នៅថ្ងៃនេះ ជាលើកទី២ ដែលមានបងប្អូនចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៦៩០នាក់ នៅទីស្នាក់ការបក្សខេត្តត្បូងឃ្មុំ។ លោកបានលើកទឹកចិត្តដល់ និងកោតសរសើរសមាជិកសមាជិកាថ្មី ដែលបានសម្រេចចូលរួមជីវភាពជាមួយគណបក្សប្រជាជននៅពេលនេះ។
លោកបានចាត់ទុកថា ទាំងអស់នេះជាការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរួមគ្នា ដើម្បីបំពេញភារកិច្ចដោយទទួលខុសត្រូវក្នុងសកម្មភាពបម្រើគណបក្ស។ តាងនាមឲ្យគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ លោកសូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនារាប់អានយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកសមាជិកាថ្មីទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលបានចាកចេញពីគណបក្សនយោបាយនានា ចូលមករួមរស់ក្នុងជីវភាពជាមួយ មហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ មានប្រភពចលនាតស៊ូរបស់ប្រជាជនប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដោយបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជីវិតរស់នៅដោយភាពសុខសាន្តជូនប្រជាជនកម្ពុជា។
លោក គង់ ហ៊ុនធារិទ្ធ អតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ បានឡើងមានមតិបញ្ជាក់ និងលើកយកបទពិសោធន៍កន្លងមកដែលធ្លាប់រស់នៅបម្រើកិច្ចការជាមួយគណបក្សប្រឆាំង ហើយលោករីករាយយ៉ាងក្រៃលែង ដែលមានសម្ដេចតេជោ ជាបិតាសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបម្រើគណបក្សប្រឆាំងអស់រយៈពេលជាង១០ឆ្នាំហើយ និងបានយល់យ៉ាងច្បាស់នូវមេដឹងនាំគណបក្សប្រឆាំងដែលខ្វះការដឹកនាំ ដណ្តើមអំណាចគ្នា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្ដែងគឺលោកផ្ទាល់តែម្ដង ចុងបញ្ចប់មេដឹកនាំរត់ចោលទៅក្រៅប្រទេសបាត់ តើឱ្យជឿជាក់អ្វីទៀតបើគណបក្សខ្លួនឯងកសាងមិនបានផង តើអាចការពាររជាតិមាតុភូមិបានទេ? មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺរក្សាបាននូវសន្តិភាព និងភាពសុខសាន្តជូនពលរដ្ឋ។
នៅក្នុងឱកាសនោះលោក យូ សិរីវុឌ្ឍ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមួយសមាជិកសមាជិកាថ្មី ដែលជាអតីតសមាជិកគណបក្សប្រឆាំងទាំង៦៩០នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា «យើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិរបស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួនគឺមានតែការមានការញុះញង់ បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្កអស្ថេរភាពសង្គមជាតិ។ សមាជិកថ្មីមកពីគណបក្សប្រឆាំងនានា ចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាបន្តរក្សាសុខសន្តិភាព ហើយក្រោមម្លប់សន្តិភាពទើបយើងមានថ្ងៃនេះ»។
លោកបានបន្ថែមថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕