(កំពត)៖ ដោយអនុវត្តន៍តាមការដាក់ចេញ ក៏ដូចជាជំរុញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,៦១១បណ្ណ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រពន្ធ ចំនួន៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តសិរីជ័យមានលក្ខណ៍។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន លោកបានយកចិត្តទុកដាក់ និងជំរុញការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានចំនួន ២៦៨,២៧២ក្បាលដី ដែលក្នុងនោះ លោកអភិបាលខេត្តបានចុះចែកបណ្ណដោយផ្ទាល់ជូនពលរដ្ឋបានចំនួន ១១០,៦១១បណ្ណ ក្នុងនោះក៏មានបណ្ណដែលនៅសេសសល់ពីបទបញ្ចារ ០១បប ចំនួន ៤២ ០២៤បណ្ណផងដែរ។
លោកប្រធានមន្ទីរបានបន្តថា ខេត្តកំពតមាន ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានផ្ទដីសរុប ៤,៨៧៣គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨០០,០០០ក្បាលដី ហើយជាលទ្ធផលគិតចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណជូនពលរដ្ឋបានចំនួន ៣៧៦ភូមិ ស្មើនឹង ៥៨៨,៧២៣បណ្ណ ស្មើនឹង ៧៣,៥៩%។
ប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះក្បាលដីដែលមន្ទីរប្រមូលទិន្នន័យរួចរាល់មានចំនួន ១៥៧,៦៦១ក្បាលដី (ស្មើនឹង ១៩,៧១%) កំពុងសម្អាតទិន្នន័យ ដែលគ្រោងនឹងចែកជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ចំពោះភូមិដែលនៅសល់មិនទាន់ប្រកាសតំបន់វិនិច្ឆ័យ ហើយកំពុងធ្វើការវាស់វែងមានចំនួន ២៤ភូមិ ស្មើនឹង ៥៣ ៦០០ក្បាលដី ស្មើនឹង ៦,៧%ប៉ុណ្ណោះ ហើយផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ទាំងស្រុង ១០០% នៅដំណាច់ឆ្នាំ២០២៥។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា នៅពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបទបញ្ចាក៏ដូចជាកិច្ចចង្អុលការផ្ទាល់យ៉ាងម៉ឺងម៉ាត់បំផុត ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងដីរដ្ឋ គណៈកម្មការសុរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត។
លោកអភិបាលខេត្តបានបន្តថា បទបញ្ជានេះគឺជាការគិតគូរមួយដ៏ធំធេងណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយឯកឧត្តមក៏សូមកោតសរសើដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំសហការគ្នា ដើម្បីចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានល្អប្រសើរដូចពេលនេះ និងពេលកន្លងមក។
សូមបញ្ជាក់ថា ការចែកបណ្ណក្នុងថ្ងៃនេះមាន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស សរុបមានចំនួន ៣,៦១៨បណ្ណ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ដែលមានក្បាល់ដីចំនួន ៥,៤៨៥ក្បាលដី៕