(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា គេមិនអាចករណីបុគ្គលដែលបានប្រព្រឹត្តបទល្មើសក្នុងក្របខណ្ឌនៃការទទួលខុសត្រូវច្បាប់រដ្ឋប្បវេណី ឬការទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ មកបកស្រាយថាជាការយាយី ឬការរឹតត្បិតសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មានបាននោះឡើយ ពីព្រោះអ្នកសារព័ត៌មាន គឺមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន នៅក្នុងនាមជាអ្នកសារព័ត៌មានឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការចងក្រងរបាយការណ៍ពីស្ថានភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា សូមធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋានដែលករណីនីមួយៗបានកើតឡើង និងសូមថ្លឹងថ្លែងទៅលើអង្គហេតុ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ ព្រមទាំងបញ្ចូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយដោយមិនទាញយកសេចក្តីសន្និដ្ឋានទៅលើករណីណាមួយ ឬស្ថានភាពទូទៅ ដោយពិចារណាឱ្យបានល្អិតល្អន់ទៅលើទិដ្ឋភាពទាំងនេះ ដើម្បីធ្វើឱ្យការរៀបចំរបាយការណ៍មានសារៈប្រយោជន៍ ចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនបន្ថែមទៀត។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា អ្នកសារព័ត៌មាន ដែលគោរពប្រតិបត្តិតាមក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ គឺជាដៃគូមិនអាចខ្វះបានចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពសារព័ត៌មាន ត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងៗទៀត ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានទាំងអស់ផ្តល់ជូន។

លោកបានបន្តថា ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវបរិយាកាសដ៏ល្អសម្រាប់ការប្រកបអាជីព និងវិជ្ជាជីវៈសារព័ត៌មាន សោតទស្សន៍នៅកម្ពុជា ដែលបានប្រកាន់នូវគោលជំហររឹងមាំ ដ៏ម៉ឹងម៉ាត់បន្តលើកស្ទួយសេរីភាព ខាងសារព័ត៌មាន ដោយស្មើភាពគ្មានការរើសអើង និងមិនមានការប្រកាន់និន្នាការនយោបាយនោះឡើយ។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ជាលទ្ធផលសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រនៅប្រទេសកម្ពុជា ដោយកម្ពុជាខ្លួនឯងផ្ទាល់ ហើយលទ្ធផលបានបង្ហាញថាមានភាពល្អប្រសើរក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មាន ៧៩,៨ភាគរយ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ ខណៈដែលអ្នកសារព័ត៌មាន ចំនួនជិត៨០ភាគរយ បានអះអាងថាខ្លួនមានសេរីភាពពេញលេញ ក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ការផលិត និងផ្សព្វផ្សាយព័ត៌មានដោយសេរីដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងគ្មានការរឹតត្បិត ឬយាយី អ្វីឡើយ។

លោក ទេព អស្នារិទ្ធ ក៏បានបន្ថែមថា សម្រាប់បញ្ហាដែលអ្នកសារព័ត៌មានបានជួបប្រទះក្រសួងព័ត៌មាន ក៏បានកត់ត្រាទុកនូវរាល់បញ្ហាដែលសារព័ត៌មាន ជួបប្រទះនៅក្នុងពេលបំពេញសកម្មភាពការងារ ហើយបានតាមដាន ពិនិត្យគ្រប់ករណីទាំងអស់ ដែលបានកើតឡើង។ សូមបញ្ជាក់ថា បញ្ហាដែលអ្នកសារព័ត៌មាន បានជួបប្រទះ គឺមានភាពចម្រុះទាំងកំហុសវិជ្ជាជីវៈពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ខ្លួន ទាំងទង្វើប្រាសចាកក្រមសីលធម៌ វិជ្ជាជីវៈ និងទង្វើផ្សេងទៀតដែលស្ថិតនៅក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន។

«នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលបានចុះក្នុងបញ្ជីត្រឹមត្រូវ ហើយអនុវត្តការងាររបស់ខ្លួនដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈបានត្រឹមត្រូវ ដែលបានជួបប្រទះបញ្ហាក្នុងការបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា ដែលបានជួប្រទះសរុបបាន២០ករណី និងក៏កំពុងបន្តជួយជ្រោមជ្រែងដំណើរការផ្តល់មេធាវីការពារក្តីនៅក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត»។ នេះជាការលើកឡើងបន្ថែមរបស់លោក ទេព អស្នារិទ្ធ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន ក៏បានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណីបន្ថែមទៀត ដោយបានផ្តល់ការអប់រំ និងតម្រង់ទិស ជាពិសេសលើការប្រតិបត្តិក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ សម្រាប់កិច្ចគាំពារដល់អ្នកសារព័ត៌មាន គឺជាការងារចម្បងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកសារព័ត៌មានគ្រប់រូបដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រកបអាជីពដោយគោរពតាមច្បាប់ជាធរមាន។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «សម្រាប់ករណីការអនុវត្តការងារដែលបានស្រង់ចូលក្នុងរបាយការណ៍ Incident report របស់ខេមបូចា ក្នុងចំណោមនោះក៏មានករណីអ្នកសារព័ត៌មាន ដែលបានទទួលមរណភាពដោយជំងឺ និងមានករណីអ្នកសារព័ត៌មាន មួយចំនួនទៀតគាត់បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែក ករណីបុគ្គលដែលបានប្រព្រឹត្តបទល្មើសក្នុងក្របខណ្ឌនៃការទទួលខុសត្រូវច្បាប់រដ្ឋប្បវេណី ឬការទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ គឺមិនអាចបកស្រាយថាជាការយាយី ឬការរឹតត្បិតសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មានបាននោះឡើយពីព្រោះអ្នកសារព័ត៌មាន គឺមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន នៅក្នុងនាមជាអ្នកសារព័ត៌មានឡើយ»។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវការគោរពតួនាទី ក្រមសីលធម៌ និងវិជ្ជាជីវៈនៅរាល់ពេលអនុវត្តសកម្មភាពការងាររបស់ខ្លួន ពីព្រោះអ្នកសារព័ត៌មាន មិនមែនជាសមត្ថកិច្ច ឬតុលាការនោះឡើយ៕