(ភ្នំពេញ)៖ «វេទិកាបៃតង-Green Forum» បានប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលត្រូវបានរៀបចំដោយ YOU (TH) EMPOWERMENT សហការជាមួយ WELT HUNGER HILFE (WHH) ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរឆ្ពោះទៅរកសង្គមប្រកបដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី។ វេទិកានេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្នុងកិច្ចការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជាអស់រយៈពេល ២៤កន្លងមកនេះ។

ជាមួយគ្នានេះដែរ កញ្ញា ស៊ាត ធីតា ជានិស្សិតសិក្សាឆ្នាំ២ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានបង្ហាញចំណាប់អារម្មណ៍ថា ការរៀបចំវេទិកាបៃតងនេះ គឺមានភាពប្លែក ដោយមានការរៀបចំតាំងបង្ហាញរូបភាពបែបធម្មជាតិ ដើម្បីពញាក់អារម្មណ៍អ្នកទស្សនាកាន់តែយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិនៅកម្ពុជា។

កញ្ញា ស៊ាត ធីតា បានលើកឡើងថា៖ «យើងគួរតែចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ពីសារៈសំខាន់របស់ព្រៃឈើ និងសត្វព្រៃឱ្យបានច្រើន ជាពិសេសប្រជាជនរស់នៅតាមតំបន់ការពារធនធានធម្មជាតិ ហើយយុវជនគួរចូលរួមផ្សព្វផ្សាយឱ្យបានច្រើនតាមរយៈបណ្តាញសង្គមនានាជាដើម»

បើតាមកញ្ញា ហឿង សូលីពេជ្រ បានយល់ឃើញថា យុវជនជាចំណែកមួយដ៏ធំក្នុងការចូលរួមថែរក្សាបរិស្ថាន ជាពិសេសចូលរួមក្នុងព្រឹត្តិការណ៍នានាដែលរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយការយល់ដឹងពីព្រៃឈើ និងសត្វព្រៃ។

លោក ចន វិល្លីស ប្រធានប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «យើងសង្ឃឹមថា យើងអាចជំរុញទឹកចិត្តយុវជនវ័យក្មេងជាច្រើនដែលចូលរួមក្នុងវេទិកានេះឱ្យចេះស្រឡាញ់ និងគាំពារដល់សត្វព្រៃ ក៏ដូចជាព្រៃឈើរបស់យើង»

«វេទិកាបៃតង-Green Forum» ជាកម្មវិធីមួយដែលមានបំណងក្នុងការបង្កើនការយល់ដឹង ការមានមេត្តា និងទំនួលខុសត្រូវ ចំពោះធម្មជាតិ និងមនុស្សជុំវិញខ្លួន។ វេទិកាបៃតង នឹងសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹងរវាងយុវជនអំពីបញ្ហាបរិស្ថាន និងរួមគ្នាបង្កើតដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុះ។ ទន្ទឹមនឹងនោះ វេទិកាបានបង្ហាញអ្នកចូលរួមថាការចូលរួមក្នុងវិស័យបៃតងក៏មានស្ថិតក្នុងអាជីពការងារជាច្រើនផងដែរ ដែលអាចទាំងបំពេញទំនួលខុសត្រូវការងារ និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនក្នុងពេលតែមួយ។

គោលបំណងចម្បងរួមមាន៖

ទី១៖ ការលើកកម្ពស់ស្មារតីក្នុងការផ្លាស់ប្តូរ៖ តាមរយៈកិច្ចពិភាក្សា និងសិក្ខាសាលាអន្តរកម្មសិក្សា អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យឆ្លុះបញ្ចាំងពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេជាមួយធម្មជាតិ និងសង្គម និងអភិវឌ្ឍការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការសម្រាប់ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព។

ទី២៖ ការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហការរវាងគ្នា៖ កម្មវិធីនេះជាវេទិកាមួយដែលអ្នកជំនាញ អ្នកដែលស្នេហាបរិស្ថាន និងសមាជិកសហគមន៍អាចមករួមគ្នាដើម្បីផ្លាស់ប្តូរគំនិត បង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាដើម្បីដោះស្រាយបញ្ហាបរិស្ថាន។

ទី៣៖ ការបើកឱកាសការងារក្នុងវិស័យបៃតង៖ តាមរយៈការបង្ហាញឱកាសការងារ សិក្ខាសាលាអប់រំ និងកម្មវិធីភាពជាដៃគូជាមួយក្រុមហ៊ុនដែលផ្តោតលើនិរន្តរភាព អ្នកចូលរួមនឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួមវិជ្ជាជីវៈក្នុងវិស័យនិរន្តរភាព និងបន្តអាជីពប្រកបដោយឥទ្ធិពលវិជ្ជមាន។

ទី៣៖ ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងតំបន់៖ ការផ្តោតអារម្មណ៍មួយគឺលើការជូនដំណឹងដល់អ្នកចូលរួមអំពីផលប៉ះពាល់ជាក់លាក់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍របស់ពួកគេ និងការបង្កើតយុទ្ធសាស្រ្តបន្សាំ និងកាត់បន្ថយដែលស្របតាមតម្រូវការក្នុងតំបន់។

ទី៥៖ ការលើកកម្ពស់បណ្តាញ និងសកម្មភាពរួមគ្នា៖ ជាវេទិកាដែលមានការសន្ទនាគ្នា ក្នុងគោលបំណងបង្កើត «សហគមន៍» នៃស្ថាប័ន និងបុគ្គលដែលប្តេជ្ញាចិត្តចំពោះការការពារបរិស្ថាន និងនិរន្តរភាព ដើម្បីអភិវឌ្ឍ និងអនុវត្តដំណោះស្រាយរួមគ្នាសម្រាប់ការផ្លាស់ប្តូរចាំបាច់ និងបង្កើនឥទ្ធិពលរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា វេទិកាបៃតងដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃនេះមានសកម្មភាពនានា ដូចជា ការពិភាក្សា ការធ្វើបទបង្ហាញ និងសិក្ខាសាលា ដើម្បីអាចបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ និងជំរុញទឹកចិត្តឱ្យមានការឆ្លុះបញ្ចាំងយ៉ាងសំខាន់ និងការស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាទាំងនេះ៕